ភ្នំពេញ៖ ក្នុងរយៈពេលពីរថ្ងៃមកនេះ មានតំណាង ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន ប្រមាណជា ២០០នាក់ បានចូលរួមឈ្វេងយល់ពី “គោលការណ៍បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម” ដែលរៀបចំឡើងដោយបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។
ពិធីផ្សព្វផ្សាយខាងលើនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ស្ដីពីរបបសន្តិសុខសង្គម ឱ្យកាន់តែមានប្រសិទ្ធភាព និងមានវិសាលភាពគ្របដណ្ដប់សមាជិកឱ្យកាន់តែទូលំទូលាយ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយករង បានអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់ដែលមានកម្មករនិយោជិត ចាប់ពីម្នាក់ឡើងទៅ ត្រូវមកចុះបញ្ជីជាមួយ ប.ស.ស. ឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ផ្សេងៗ រួមទាំងប្រាក់សោធនផងដែរ។
ជាមួយគ្នានោះ ឯកឧត្តមអគ្គនាយករង សង្ឃឹម និងជឿជាក់ថា អ្នកចូលរួមទាំងអស់ យកចិត្តទុកដាក់ស្តាប់ និងសួរឱ្យបានច្រើន ដើម្បីទទួលបាននូវភាពច្បាស់លាស់ទៅលើចំណុចគន្លឹះសំខាន់ៗ ដែលគ្រូឧទ្ទេសបានធ្វើបទបង្ហាញជូន។
យោងតាមច្បាប់ ស្ដីពីរបបសន្តិសុខសង្គម ជំពូកទី៩ ទោសប្បញ្ញត្តិ មាត្រា៩៨ ការមិនអនុវត្តកាតព្វកិច្ចបង់ភាគទាន បានចែងថា និយោជក នៃសហគ្រាស គ្រឹះស្ថានដែលមិនអនុវត្តកាតព្វកិច្ច នៃការបង់ភាគទានតាមកាលកំណត់ ឬមិនអនុវត្តកាតព្វកិច្ចរាយការណ៍ពីកម្មករនិយោជិតឱ្យបានត្រឹមត្រូវ ដូចមានចែងក្នុងមាត្រា៨២ នៃច្បាប់នេះ ត្រូវបង់ប្រាក់ពិន័យអន្តរការណ៍ពី១០(ដប់)ដង ទៅ៣០(សាមសិប)ដង នៃប្រាក់ឈ្នួលយោងប្រចាំថ្ងៃ។ ការពិន័យនេះត្រូវអនុវត្តស្មើនឹងចំនួនមនុស្សដែលនិយោជកបានប្រើប្រាស់ក្នុងលក្ខខណ្ឌផ្ទុយពីបទប្បញ្ញត្តិនៃច្បាប់នេះ៕