Mail |
  • ភាសាខ្មែរ
  • English
  • គម្រោង ស្ដីពីការពង្រីករបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍ (A4S) ត្រូវបានគណៈកម្មការសម្របសម្រួលគម្រោងបើកកិច្ចប្រជុំលើកចុងក្រោយបញ្ចប់គម្រោងនាព្រឹកនេះ

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម និងជាប្រធានគណៈកម្មការសម្របសម្រួលគម្រោង A4S តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញផ្ដល់កិត្តិយសជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលបញ្ចប់គម្រោងស្តីពី ការពង្រីករបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍ (A4S)។
    គម្រោង A4S នេះ ជាគម្រោងមួយដែលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងអង្គការហ្គ្រេត (GRET) បានចុះអនុស្សរណៈនៃការយោគយល់គ្នាមានរយៈពេល២៤ខែ បានចាប់ផ្ដើមកាលពីខែកញ្ញា ឆ្នាំ២០២២ កន្លងមក ដែលឧបត្ថម្ភគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) ក្រោមមូលនិធិរបស់សហភាពអឺរ៉ុប (EU) ដើម្បីរៀបចំ អភិវឌ្ឍ អនុវត្ត វាយតម្លៃ និងផ្សព្វផ្សាយគម្រោងសម្រាប់ពង្រីកវិសាលភាពនៃការអនុវត្តរបបសន្តិសុខសង្គម ដល់បុគ្គលស្វ័យនិយោជន៍រួមមាន អ្នកលក់ដូរតាមទីផ្សារ និងសិប្បករ។
    តាមរយៈការអនុវត្តគម្រោងនេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានថ្លែងអំណរគុណដល់អង្គការហ្រ្គេត (GRET) ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំកម្ពុជា (AFD) និងអង្គការអន្តរជាតិខាងការងារ (ILO) ដែលបានសហការគាំទ្រលើការអនុវត្តគម្រោង A4S កន្លងមក ហើយក្រៅពីសមិទ្ធផលនៃគម្រោងខាងលើនេះ ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងនៅតែបន្ដកិច្ចសហប្រតិបត្តិការគម្រោងនានាជាមួយដៃគូអភិវឌ្ឍ ក្នុងន័យដើម្បីបន្ដយន្ដការពង្រីកការអនុវត្តរបបសន្ដិសុខសង្គម ឱ្យកាន់តែទូលំទូលាយ និងដល់ជនគោលដៅផ្សេងៗទៀតផងដែរ។
    ក្នុងឱកាសជាមួយគ្នានេះ លោក Finn KOH ប្រធានកម្មវិធីកិច្ចគាំពារសង្គម នៃអង្គការអន្តរជាតិខាងការងារ (ILO) ក៏កោតសរសើរចំពោះបេឡាជាតិសន្ដិសុខសង្គម ដែលបានអនុវត្តកម្មវិធីនៃគម្រោងបានយ៉ាងល្អប្រសើរ ដោយបានផ្ដល់ឱកាសដល់បុគ្គលស្វ័យនិយោជន៍បានចូលរួមក្នុងផ្នែកថែទាំសុខភាព ហើយបច្ចុប្បន្នប្រជាពលរដ្ឋបានសាទរយ៉ាងខ្លាំង និងមានការចូលរួមយ៉ាងច្រើនលើសលប់ ដែលនេះបង្ហាញអំពីការពេញចិត្ត និងការផ្ដល់នូវទំនុកចិត្តដល់ ប.ស.ស. ដែលអាចរួមចំណែកការពារសុខភាពរបស់ពួកគាត់។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំគណៈកម្មការសម្របសម្រួលគម្រោងលើកចុងក្រោយនេះ ប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាល ប.ស.ស. ដោយមានវត្តមានអញ្ជើញចូលរួមពីសមាជិក សមាជិកា នៃគណៈកម្មការសម្របសម្រួល និងក្រុមការងារបច្ចេកទេសទទួលបន្ទុកគម្រោង A4S តំណាងអង្គការហ្គ្រេត (GRET) ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងអង្គការអន្តរជាតិខាងការងារ (ILO) សរុបប្រមាណជា ៣០រូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.