(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រសួងយុត្តិធម៌ រៀបចំពិធីផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” ជូនដល់មន្ត្រីរាជការក្រោមឱវាទក្រសួងយុត្តិធម៌។
ពិធីផ្សព្វផ្សាយខាងលើ រៀបចំឡើងក្នុងគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែស៊ីជម្រៅ ច្បាស់លាស់ ទៅលើអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់អ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ដែលរួមមាន សហព័ទ្ធ (ប្តី ឬប្រពន្ធ) និងកូនក្នុងបន្ទុករបស់មន្ត្រីសាធារណៈ សំដៅធានាដល់ការលើកកម្ពស់សុខុមាលភាពប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្នុងពិធីផ្សព្វផ្សាយនោះដែរ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំមន្ត្រីជំនាញ អមឯកឧត្តម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមសហធិបតីលោកជំទាវ អ៊ឹង វីណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅសាលប្រជុំធំ នៃក្រសួងយុត្តិធម៌ ដោយមានអ្នកចូលរួមប្រមាណជា ៦០រូប៕