(ភ្នំពេញ) ៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមផ្តល់បទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ CNC ក្នុងកម្មវិធី “អំណាចច្បាប់” ដែលប្រព្រឹត្តទៅដោយផ្ទាល់នៅទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ។
ក្នុងកិច្ចសម្ភាសន៍ខាងលើនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានបង្ហាញអំពីគោលការណ៍ និងនីតិវិធីច្បាប់សំខាន់ៗ ស្តីពីការផាកពិន័យចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាយណាដែលមិនអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដែលផ្ទុយទៅនឹងច្បាប់ស្តីរបបសន្តិសុខសង្គម និងបង្កឱ្យខាតបង់អត្ថប្រយោជន៍របបសន្តិសុខសង្គមដល់បុគ្គលិក ឬកម្មករនិយោជិតរបស់ខ្លួន។
ជាមួយគ្នានេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ក៏បានបង្ហាញអំពីវឌ្ឍនភាពនៃការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ដោយផ្តោតជាសំខាន់ទៅលើការផ្តល់ការធានារ៉ាប់រងជូនសមាជិក ការផ្តល់នូវអត្ថប្រយោជន៍របបសន្តិសុខសង្គម ពិសេសការពង្រីកការចុះបញ្ជីសមាជិក ប.ស.ស. ក្នុងន័យពង្រីកការ គ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។
ដើម្បីជ្រាបកាន់តែច្បាស់ និងលម្អិតអំពីកិច្ចសម្ភាសន៍ខាងលើ សូមរង់ចាំទស្សនាកិច្ចសម្ភាសន៍ទាំងស្រុងនៅលើកញ្ចក់ទូរទស្សន៍ CNC ដែលនឹងចាក់ផ្សាយក្នុងពេលឆាប់ៗនេះ៕