Mail |
  • ភាសាខ្មែរ
  • English
  • ម្ចាស់អាជីវកម្ម និងតំណាងក្រុមហ៊ុន ប្រមាណជាង២០០នាក់ បានចូលរួមឈ្វេងយល់អំពី “គោលការណ៍បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ” នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី

    (ភ្នំពេញ) ៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពី “គោលការណ៍បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ” ជូនដល់បណ្តា ម្ចាស់អាជីវកម្ម និងតំណាងក្រុមហ៊ុន សរុបប្រមាណជាង២០០នាក់ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី រាជធានីភ្នំពេញ។
    ឯកឧត្តមអគ្គនាយករង ក្នុងឱកាសអញ្ជើញបើកពិធីផ្សព្វផ្សាយខាងលើ បានបញ្ជាក់ថា៖ ការរៀបចំឱ្យមានពិធីផ្សព្វផ្សាយនាពេលនេះ ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ស្ដីពីរបបសន្តិសុខសង្គមឱ្យកាន់តែមានប្រសិទ្ធភាព និងមានវិសាលភាពគ្របដណ្ដប់សមាជិកឱ្យកាន់ទូលំទូលាយ ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ និងសេចក្តីប្រាថ្នាចង់ក្លាយទៅជាសមាជិក ប.ស.ស. ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងពីសំណាក់សមាជិក ប.ស.ស. ដែលចង់បានការធានារ៉ាប់រងលើផ្នែកថែទាំសុខភាពទៅដល់សមាជិកគ្រួសាររបស់ខ្លួនបន្ថែមទៀត ដើម្បីជួយកាត់បន្ថយបន្ទុកចំណាយ ពង្រឹងស្ថិរភាពប្រាក់ចំណូល និងធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ខ្លួន និងក្រុមគ្រួសារ។
    ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយករង បានអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់ដែលមានកម្មករនិយោជិតចាប់ពីម្នាក់ឡើងទៅ ត្រូវមកចុះបញ្ជីជាមួយ ប.ស.ស. និងបងប្អូនប្រជាពលរដ្ឋដែលពុំទាន់មានប័ណ្ណសមាជិក ប.ស.ស. ជាពិសេសអ្នកដែលប្រកបរបររកស៊ីដោយខ្លួនឯង និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. សូមអញ្ជើញមកធ្វើប័ណ្ណ ប.ស.ស. ឱ្យបានគ្រប់ៗគ្នា នៅសាខា ប.ស.ស. អ៊ីអនម៉ល សែនសុខ ស៊ីធី ឬនៅតាមបណ្តាសាខា ប.ស.ស. ទូទាំងប្រទេស ដែលនៅជិតបំផុត៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.