Mail |
  • ភាសាខ្មែរ
  • English
  • ខេត្តកំពង់ចាមជាខេត្តទី៧ ដែល ប.ស.ស. បានបញ្ជៀបការយល់ដឹងអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ជូនដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត

    (កំពង់ចាម)៖ ក្នុងឱកាសអញ្ជើញជាសហធិបតីបើកពិធីអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ជូនដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត ស្ថិតនៅរោងចក្រ LECROWN SHOES INDUSTRY CO., LTD. នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តម ព្រាប ច័ន្ទវិបុល អនុប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) តំណាងឯកឧត្ដមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារ ស.ផ.ក បានថ្លែងថា ខេត្តកំពង់ចាម គឺជាខេត្តទី៧ ដែល ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃ ប.ស.ស. បានចុះបញ្ជៀបការយល់ដឹងអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ជូនដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត ដែលនេះគឺជារឿងសំខាន់ និងចាំបាច់បំផុត ដែលអាចឱ្យបងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត បានយល់ដឹងកាន់តែច្បាស់ក្នុងការធ្វើដំណើរ និងការប្រើប្រាស់ដងផ្លូវ ការគោរពសិទ្ធិគ្នាក្នុងពេលធ្វើដំណើរ ដែលទាំងអស់នេះនឹងអាចកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍មកនូវកម្រិតទាប។
    ឯកឧត្តមបានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២៤ នេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ជូនដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត សរុបចំនួន ៧លើក មានអ្នកចូលរួមសរុបចំនួន ៣​ ៣៣០នាក់ ស្រី ២​ ២៤៦នាក់​ និងអ្នកបើកបរចំនួន ៦៥៧នាក់ ក្នុងនោះរួមមានខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តតាកែវ ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម។
    ជាមួយគ្នានេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ក៏បានធ្វើការអំពាវនាវដល់បងប្អូនកម្មករនិយោជិតទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការធ្វើដំណើរ ទាំងអ្នកធ្វើដំណើរដោយម៉ូតូ និងទាំងអ្នកដែលធ្វើដំណើរដោយរថយន្តដឹកកម្មករនិយោជិត ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងករណីមានគ្រោះថ្នាក់ជាយថាហេតុ និងអាចបង្ការបាននូវសុខសុវត្ថិភាពក្នុងពេលធ្វើដំណើរ។
    ក្នុងឱកាសបើកពិធីអប់រំផ្សព្វផ្សាយនេះផងដែរ ឯកឧត្តម ហេង វណ្ណនី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាមបានថ្លែងថា ការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ពិតជាមានសារៈសំខាន់ និងអាចដាស់ស្មារតីបងប្អូនប្រជាពលរដ្ឋគ្រប់រូប ឱ្យយល់ដឹងពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីការបើកបរធ្វេសប្រហែស ការប្រើប្រាស់គន្លងផ្លូវ ពិសេសបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការដឹកលើសទម្ងន់កំណត់ ការមិនពាក់មួកសុវត្ថិភាព និងមិនពាក់ខ្សែក្រវាត់សុវត្ថិភាពជាដើម ជាហេតុនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ។
    ឯកឧត្តមអភិបាលរង ក៏បានអំពាវនាវឱ្យគ្រប់មន្ទីរ អង្គភាព អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងមូល ត្រូវចូលរួមបង្កើនកិច្ចសហប្រតិបត្តិការ និងសហការគ្នា ដើម្បីចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅប្រែក្លាយផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាពខ្ពស់ និងចូលរួមប្រែក្លាយកម្ពុជាទៅជាប្រទេសមួយមានសុវត្ថិភាពក្នុងពេលធ្វើដំណើរ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.