Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស. បញ្ជ្រាបការយល់ដឹងស៊ីជម្រៅលើរបបសន្តិសុខសង្គម សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ជូនដល់មន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តរតនគិរី

    ខេត្តរតនគិរី៖ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលបង្កើតឡើង ដើម្បីជួយដល់មន្ត្រីសាធារណៈ ឱ្យទទួលបានការថែទាំសុខភាពសម្រាប់ប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុក ដែលអាចសម្រួលដល់ការចំណាយលើបញ្ហាសុខភាព និងគ្រោះថ្នាក់ផ្សេងៗ ក្នុងគោលដៅរក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារ និងបង្កើនផលិតភាពការងារ។ ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអគ្គនាយករង អញ្ជើញចូលរួមជាសហធិបតីពីសំណាក់ ឯកឧត្តម ឌុច ចាន់តូ អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី ក្នុងពិធីផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រោមឱវាទរដ្ឋបាលខេត្តរតនគិរី ដោយមានអ្នកចូលប្រមាណជាង៣០០នាក់ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ។
    ឯកឧត្តមអគ្គនាយករង ប.ស.ស. បានបន្តទៀតថា នៅពេលអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ចុះឈ្មោះចូលជាសមាជិក ប.ស.ស. នោះអ្នកក្នុងបន្ទុក (ប្តីឬប្រពន្ធ និងកូននៅក្នុងបន្ទុក) នឹងទទួលបានអត្ថប្រយោជន៍ដូចជា សេវាពិនិត្យ ពិគ្រោះយោបល់ ព្យាបាល ដោយឥតគិតថ្លៃ។
    ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលរង បានជំរុញឱ្យផ្សព្វផ្សាយបន្ដ និងណែនាំដល់អ្នកដែលមានសមាជិកក្នុងបន្ទុកគ្រួសារ ឱ្យចុះឈ្មោះជាសមាជិក ប.ស.ស. ដើម្បីទទួលបានអត្ថប្រយោជន៍របបសន្ដិសុខសង្គមដែលមានចែងក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
    ក្នុងឱកាសនោះដែរ លោក សោម សុខធី អនុប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស. ក៏បានធ្វើបទបង្ហាញ និងពន្យល់លម្អិតព្រមទាំងឆ្លើយតបទៅនឹងសំណួរសំខាន់ៗមួយចំនួនទាក់ទងទៅនឹងច្បាប់ស្តីពីរបបសន្តិសុខសង្គម និងការធ្វើបច្ចុប្បន្នភាពនៃការអនុវត្តរបបសន្តិសុខសង្គម ជាពិសេសពាក់ព័ន្ធនឹងការផ្តល់សេវារបបសន្តិសុខសង្គមដល់សមាជិករបស់ខ្លួន៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.