Mail |
  • ភាសាខ្មែរ
  • English
  • សហព័ទ្ធ ជាប្រពន្ធរបស់មន្រ្ដីសាធារណៈ អាចទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលចុះឈ្មោះក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត

    (មណ្ឌលគិរី) ៖ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តម អេត បូរ៉ាត់ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ដែលរួមមាន សហព័ទ្ធ (ប្ដី ឬប្រពន្ធ) និងកូនៗក្នុងបន្ទុក នៅពេលដែលចុះឈ្មោះជាសមាជិក ប.ស.ស. ក្នុងផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ពួកគាត់អាចទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ នៅមន្ទីរពេទ្យរដ្ឋ ឬមន្ទីរពេទ្យឯកជននានា ដែលជាដៃគូ ប.ស.ស. នៅទូទាំងប្រទេស។ បន្ថែមពីនេះ សម្រាប់សហព័ទ្ធ ជាប្រពន្ធរបស់មន្រ្ដីសាធារណៈ ក៏អាចទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូនផងដែរ។
    នេះជាការថ្លែងឡើងរបស់ឯកឧត្តមអគ្គនាយករង ក្នុងឱកាសអញ្ជើញជាសហធិបតីជាមួយលោកជំទាវ វិន ស៊ីធួន អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី នៅក្នុងកម្មវិធីបើកពិធីផ្សព្វផ្សាយការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈ ជូនដល់មន្រ្តីរាជការក្រោមឱវាទរដ្ឋបាលខេត្តមណ្ឌលគិរី សរុប ២៨៣នាក់។
    ឯកឧត្តមអគ្គនាយករង ប.ស.ស. បានបន្ថែមថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយភាពទន់ភ្លន់ និងច្បាស់លាស់ ដើម្បីអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រួលបន្ទុកដល់មន្ត្រីសាធារណៈ បងប្អូនកម្មករនិយោជិតក្នុងវិស័យឯកជន បុគ្គលស្វ័យនិយោជន៍ និងក្រុមគោលដៅផ្សេងៗ ឱ្យទទួលបានការគាំពារយ៉ាងពេញលេញលើអត្ថប្រយោជន៍នៃរបបថែទាំសុខភាព ដែលជាផ្នែកមួយអាចជួយបងប្អូនក្នុងការចំណាយនៅពេលមានបញ្ហាសុខភាព និងគ្រោះថ្នាក់ផ្សេងៗ និងអាចធានាបាននូវសន្ដិសុខប្រាក់ចំណូលសម្រាប់ជីវភាពគ្រួសារ។
    ក្នុងឱកាសជាមួយគ្នានោះ លោកជំទាវអភិបាលរងខេត្ត ក៏បានសំណូមពរដល់ មន្ទីរ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ត្រូវចូលរួមសហការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គមឱ្យទទួលបានប្រសិទ្ធភាព តម្លាភាពនិងគណនេយ្យភាព និងជួយផ្សព្វផ្សាយនិងណែនាំបន្តទៅដល់មន្រ្ដីរាជការគ្រប់រូប ឱ្យនាំអ្នកដែលស្ថិតក្នុងបន្ទុករបស់ខ្លួនទៅចុះឈ្មោះចូលជាសមាជិក ប.ស.ស. នៅទីតាំងសាខា ប.ស.ស. ដែលនៅជិតបំផុតដើម្បីទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមទាំងអស់គ្នា៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.