Mail |
  • ភាសាខ្មែរ
  • English
  • សមាជិក ប.ស.ស. ចំនួន ១២នាក់ ក្នុងវិស័យឯកជន បានក្លាយជាសោធនិកដំបូងគេ

    (ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នេះ មានសមាជិក ប.ស.ស. សរុបចំនួន ១២នាក់ បានក្លាយជាសោធនិកដំបូងគេ ដែលនឹងទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកប្រាក់សោធន (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) ពី ប.ស.ស. ក្នុងចំណោមសមាជិក ប.ស.ស. សរុបចំនួន ៣២០នាក់ ដែលបានដាក់ឯកសារស្នើសុំប្រាក់សោធន ក្នុងនោះ សមាជិក ប.ស.ស. ជាស្រ្តីមានចំនួន ១២០នាក់។ នេះបើយោងតាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យរងនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម។
    យោងតាមរបាយការណ៍ដដែលនេះ បានបញ្ជាក់ទៀតថា ក្នុងចំណោមសោធនិកទាំង ១២នាក់ខាងលើ មានសោធនិកចំនួន ៣រូប ទទួលបានប្រាក់សោធនជរាភាពអយ្យកប្បញ្ញត្តិ, ៤រូប ទទួលបានប្រាក់សោធនជរាភាព, និង ៥រូបទៀត ទទួលបានវិភាជន៍ជរាភាព។
    លោកពូ គង់ រ៉ន អាយុ ៦២ឆ្នាំ បម្រើការងារនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែង ដែលជាសោធនិកម្នាក់ ក្នុងចំណោមសោធនិកជាច្រើននាក់ផ្សេងទៀត ដែលបានមកចុះឈ្មោះស្នើសុំប្រាក់សោធននៅទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍រំភើប និងសប្បាយរីករាយខ្លាំងណាស់ ដែលលោកអាចទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) ពី ប.ស.ស.។ លោកពូបន្តថា លោកមិនធ្លាប់នឹកស្មានថាមានថ្ងៃនេះឡើយ ព្រោះធ្លាប់តែលឺថា ទាល់តែមន្រ្តីរាជការទើបអាចមានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) នេះ។ លោកថា នេះជាប្រវត្តិសាស្រ្តថ្មីមួយ ដែលមិនធ្លាប់មាននោះឡើយ គឺមានតែក្នុងសម័យសន្តិភាព ដែលខិតខំកសាង ការពារ និងរក្សាដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបន្តកសាង ការពារ និងដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែប៉ុណ្ណោះ ដែលបងប្អូនប្រជាពលរដ្ឋបម្រើការងារក្នុងវិស័យឯកជនក៏អាចទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) ដូចទៅនឹងមន្រ្តីរាជការដែរ។
    គួរបញ្ជាក់ឱ្យដឹងថា ដើម្បីអាចស្នើសុំប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) សមាជិក ប.ស.ស. ត្រូវបំពេញលក្ខខណ្ឌកំណត់មួយចំនួនរួមមាន៖ (១)- បានចុះបញ្ជីនៅ ប.ស.ស. ផ្នែកប្រាក់សោធន (២)- បានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ១២ខែ និង (៣)- ត្រូវមានអាយុយ៉ាងតិច ៦០ឆ្នាំ និងត្រូវភ្ជាប់ឯកសារសំខាន់ៗមួយចំនួន រួមមាន ៖ (១)- ប័ណ្ណសមាជិក ប.ស.ស. ច្បាប់ដើម (២)- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព) ឬលិខិតឆ្លងដែន (ជនបរទេស) (៣)- សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ និងសេចក្តីចម្លងបញ្ជាក់សំបុត្រកំណើតកូន (បើមាន) និង (៤)- ត្រូវមានលេខគណនីធនាគារអេស៊ីលីដា ឬលេខគណនីធនាគារកាណាឌីយ៉ា៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.