Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមអគ្គនាយក ប.ស.ស.៖ “ក្នុងនាមជាបុគ្គលិក នៃ ប.ស.ស. ត្រូវពន្យល់អំពីគោលការណ៍សន្ដិសុខសង្គម និងអត្ថប្រយោជន៍របបសន្តិសុខសង្គមឱ្យបានច្បាស់ដល់បងប្អូនប្រជាពលរដ្ឋ ពិសេសសមាជិក ប.ស.ស.”

    (ភ្នំពេញ)៖ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា៖ ប្រព័ន្ធសន្ដិសុខសង្គម ជាគោលការណ៍សាមគ្គីធម៍ អ្នកមានជួយអ្នកក្រ អ្នកសុខភាពល្អ ជួយអ្នកឈឺ ហើយទាមទារឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួម ដើម្បីឱ្យប្រព័ន្ធសន្ដិសុខសង្គមមួយនេះ ធានាបាននូវនិរន្ដរភាព។
    ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមប្រតិភូ បានបញ្ជាក់បន្ថែមទៀតថា ក្នុងនាម មន្រ្តី និងបុគ្គលិក នៃ ប.ស.ស. ត្រូវឈ្វេងយល់ឱ្យបានច្បាស់នូវគោលការណ៍សន្ដិសុខសង្គម ដើម្បីងាយស្រួលក្នុងការបញ្រ្ជាបព័ត៌មានទៅកាន់សាធារណជនឱ្យបានច្បាស់លាស់អំពីរបបសន្ដិសុខសង្គម ជាពិសេសគឺការផ្តល់ព័ត៌មានស្តីពីសិទ្ធិ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ដែលពួកគាត់ត្រូវទទួលបាន។
    ឯកឧត្តមប្រតិភូ បានបញ្ជាក់ទៀតថា វគ្គបណ្ដុះបណ្ដាលនេះ ជាឱកាសដ៏មានសារៈសំខាន់ ដែលសិក្ខាកាមទាំងអស់នឹងទទួលបានបទពិសោធន៍ល្អៗ ពាក់ព័ន្ធការងារប្រចាំថ្ងៃ ព្រមទាំងមូលដ្ឋានច្បាស់លាស់ពីចំណេះដឹងពាក់ព័ន្ធនឹងរបបសន្ដិសុខសង្គមនៅកម្ពុជានាពេលបច្ចុប្បន្ន ពីគ្រូឧទេ្ទសដែលមកពីបណ្ដានាយកដ្ឋានជំនាញៗ។ ទន្ទឹមជាមួយគ្នានេះ ក៏ទាមទារឱ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់ ព្រមទាំងចូលរួមសួរជាសំណួរឱ្យបានផុសផុល ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ សម្រាប់យកទៅអនុវត្តការងារប្រចាំថ្ងៃ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.