(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងថ្នាក់ដឹកនាំ ប.ស.ស. បានអញ្ជើញចូលរួមប្រជុំពិភាក្សាលើការសិក្សាវិភាគប្រតិបត្តិការរបស់ទីភ្នាក់ងារជាតិបញ្ជាក់ការចំណាយ (ទ.ជ.ប) ថ្មី ដែលដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាជិការក្រុមប្រឹក្សាជាតិគាំពារសង្គម។
តាមរយៈកម្មវត្ថុនៃសំណើរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានស្នើដល់តំណាង ប.ស.ស. ក្នុងការផ្ដល់ជាមូលដ្ឋានភស្ដុតាងបែបវិទ្យាសាស្រ្តគាំទ្រដល់ការរៀបចំដំណើរផ្លាស់ប្ដូរទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល (ទ.ច.ស.) បច្ចុប្បន្ន ទៅជាទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប) ថ្មី ដល់អ្នកជំនាញការលើការសិក្សាវិភាគលើប្រតិបត្តិការរបស់ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប) ថ្មី ដើម្បីពង្រីកមុខងារ និងភារកិច្ចរបស់ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប) ថ្មី ឱ្យមានប្រសិទ្ធភាព និងតម្លាភាព។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ ប.ស.ស. នៅសាលប្រជុំធំ ស្នាក់ការកណ្ដាលរាជធានីភ្នំពេញ ព្រមទាំងតំណាងទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល និងអ្នកជំនាញការជាច្រើនរូប តាមរយៈប្រព័ន្ធវីដេអូ (video conference) ដែលរៀបចំ និងសម្របសម្រួលដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម៕