Mail |
  • ភាសាខ្មែរ
  • English
  • កិច្ចគាំពារសង្គមក្នុងបរិបទឌីជីថលូបនីយកម្ម គឺជាកាតាលីករដ៏សំខាន់ សម្រាប់លើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន ព្រមទាំងសុខុមាលភាពសង្គមក្នុងតំបន់ និងពិភពលោក

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ក្នុងនាមជាប្រធានសមាគមសន្តិសុខសង្គមអាស៊ានឆ្នាំ ២០២០- ២០២១ (ASEAN Social Security Association, ASSA) និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក្នុងឱកាសអញ្ជើញបើកកម្មវិធីសិក្ខាសាលាអន្តរជាតិ (International Webinar) ក្រោមប្រធានបទ “កិច្ចគាំពារសង្គមក្នុងបរិបទឌីជីថលូបនីយកម្ម និងភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច” នាព្រឹកនេះ បានថ្លែងឱ្យដឹងថា៖ ឌីជីថលូបនីយកម្ម ត្រូវបានចាត់ទុកថាជាកាតាលីករមួយដ៏សំខាន់ សម្រាប់លើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន ព្រមទាំងសុខុមាលភាពសង្គមក្នុងតំបន់ និងពិភពលោក ជាពិសេសការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។

    ឯកឧត្តមប្រធាន បានថ្លែងទៀតថា៖ ក្នុងនាមជាប្រធាន និងសមាជិក នៃសមាគមសន្តិសុខសង្គម (ASSA) ដែលកំពុងធ្វើការងារលើវិស័យសន្តិសុខសង្គម យើងទាំងអស់គ្នា ត្រូវតែសម្របខ្លួន និងទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីភាពជឿនលឿននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលអាចធ្វើឲ្យប្រជាពលរដ្ឋទទួលបានអត្ថប្រយោជន៍ ពីការប្រើប្រាស់សេវាកម្មឌីជីថលប្រកបដោយបរិយាប័ន្ន ភាពជឿទុកចិត្ត និងសុវត្ថិភាពខ្ពស់។

    ឯកឧត្តមប្រធាន បានបញ្ជាក់ទៀតថា៖ ឌីជីថលូបនីយកម្ម ដែលបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចគាំពារសង្គម រួមមាន៖ ទី(១) បំពេញតាមតម្រូវការរបស់សមាជិកប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដោយបានផ្តល់នូវសេវាសំខាន់ៗដូចជា ការចុះឈ្មោះ ការទាមទារតាវកាលិក ការបង់ភាគទាន និងព័ត៌មានពាក់ព័ន្ធផ្សេងៗ, ទី(២) លើកកម្ពស់គុណភាពទិន្នន័យ ការគ្រប់គ្រងទិន្នន័យ ក៏ដូចជាការផ្លាស់ប្តូរទិន្នន័យ និងអន្តរប្រតិបត្តិការ, ទី(៣) ធ្វើប្រតិភូកម្មអំណាចប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការគាំទ្រនូវដំណើរការ ប្រព័ន្ធ និងគោលនយោបាយចំគោលដៅ និងទី(៤) កាត់បន្ថយការចំណាយផ្នែករដ្ឋបាលឲ្យនៅកម្រិតទាបបំផុត។

    ក្នុងឱកាសអញ្ជើញបើកក្នុងកម្មវិធីសិក្ខាសាលានេះដដែល ឯកឧត្តមប្រធាន ក៏បានសង្កត់ធ្ងន់ទៅលើវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ដែលនៅតែបន្តការគម្រាមកំហែង និងបង្កឲ្យមានភាពមិនប្រាកដប្រជា និងហានិភ័យខ្ពស់លើសុខភាពសាធារណៈ ប្រព័ន្ធសុខាភិបាល ជីវភាពរស់នៅ និងការចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចសង្គម។

    ដើម្បីឆ្លើយតបទៅនឹងកាលៈទេសៈដ៏លំបាកបែបនេះ ឯកឧត្តមប្រធាន ក៏បានបញ្ជាក់បន្ថែមថា៖ ប្រព័ន្ធកិច្ចគាំពារសង្គម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកលើកកម្ពស់សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយធានាបាននូវសន្តិសុខប្រាក់ចំណូល និងស្ថិរភាពសង្គមក្នុងភាពមិនប្រាកដប្រជាផ្នែកហិរញ្ញវត្ថុ។

    សូមបញ្ជាក់ថា៖ សិក្ខាសាលាអន្តរជាតិខាងលើ រៀបចំឡើងដោយ អង្គភាពធានារ៉ាប់រងគ្រោះថ្នាក់ការងារសម្រាប់កម្មករនិយោជិត (BPJS Ketenagakerjaan) នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដោយមានការចូលរួមពីសមាជិកនៃអង្គភាពសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ចំនួន ២២ស្ថាប័ន នៃប្រទេសអាស៊ានទាំង ១០ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.