Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស. គ្រោងនឹងដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននៅពេលឆាប់ៗខាងមុខនេះ

    ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបប សន្តិសុខសង្គម   នាព្រឹកថ្ងៃសុក្រ ៤រោច ខែកត្តិក ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការដាក់ឱ្យដំណើរការ “ របបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំង ឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារដោយរួមបញ្ចូលទាំង បុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ”  នាព្រឹកមិញនេះ បានថ្លែងឱ្យដឹងថា៖ ការបង្កើតឱ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់ សោធននេះឡើង គឺដើម្បីការពារហិរញ្ញវត្ថុពលរដ្ឋពេលចាស់ជរា តាមរយៈការផ្តល់ ប្រាក់ចំណូលសមរម្យចំពោះប្រជាជនដែលបានចូលរួមក្នុងរបបបា្រក់សោធន ដោយបញ្ឈប់នូវទម្លាប់ចិញ្ចឹមគ្នាទៅវិញទៅមក ដែលធ្វើឱ្យបន្ទុកចំណាយក្នុងគ្រួសារ កាន់តែមានការកើនឡើង ជាហេតុធ្វើឱ្យជីវភាពគ្រួសារ នៃប្រជាជនកម្ពុជាកាន់តែឆ្លាក់ ចុះ ។

    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានថ្លែងបន្តថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នីតិកាលទី៦  គោលនយោបាយជាតិ គាំពារសង្គមឆ្នាំ ២០១៦-២០២៥  ក្នុងនោះ គោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម នៅកម្ពុជា ក៏ត្រូវបានយកចិត្តទុកដាក់ និងជម្រុញឱ្យមានការកែលម្អកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព សំដៅដល់ការជម្រុញការការពារសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសបងប្អូនកម្មករនិយោជិត ។

    ឯកឧត្តមប្រតិភូបានបន្តទៀតថា៖ ដើម្បីឱ្យរបបសន្តិសុខសង្គមដ៏ល្អមួយនេះ អាចគ្របដណ្តប់បានទូលំទូលាយ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឱ្យមានច្បាប់ស្តីពី របបសន្តិសុខសង្គមថ្មី ដែលរួមមាន១១ជំពូក និង១០៧មាត្រា ដោយបានប្បញ្ញត្តិអំពី តួនាទីភារកិច្ចច្បាស់លាស់របស់និយ័តករសន្តិសុខសង្គម ប្រតិបត្តិករសន្តិសុខ សង្គម ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. និងក្រុមប្រឹក្សាធនាភិបាលដែលជាអង្គភាព វិនិយោគមូលនិធិសន្តិសុខសង្គមនៅកម្ពុជា និងជាពិសេសគោលការណ៍ទូទៅ នៃរបបសន្តិសុខសង្គមដែលរួមមាន របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ ។

    កន្លងមកបេឡាជាតិសន្តិសុខសង្គម បានដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងថែទាំសុខភាពរួចមកហើយ របបទាំងពីរនេះក៏បានជួយ សម្រាលបន្ទុកយ៉ាងច្រើនដល់ និយោជិតនៃវិស័យឯកជន ក៏ដូចជាមន្រី្តរាជការនៅពេល ជួបប្រទះហានិភ័យផ្សេងៗ កើតឡើងជាយថាហេតុកន្លងមក។ ដោយសារការខិតខំប្រឹងប្រែងរបស់មន្ត្រី និងបុគ្គលិកនៃ ប.ស.ស. កន្លងមក និងដោយសារមានការទុកចិត្តពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប.ស.ស. គ្រោងនឹងដាក់ឱ្យដំណើរការ     ” របបប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារដោយរួមបញ្ចូលទាំងបុគ្គលិក ធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ” នៅកម្ពុជា នាដើមឆ្នាំ ២០២០ ឆាប់ៗខាងមុខនេះ ដើម្បីជួយសម្រាលបន្ទុកដល់ បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត នៅពេលចាស់ជរា និងខ្វះលទ្ធភាពស្វែងរកប្រាក់ ចំណូល ។

    គួររំលឹកផងដែរថា បើយោងតាមរបាយការណ៍ នៃការសិក្សាស្រាវជ្រាវមួយរបស់ អង្គការអន្តរជាតិខាងការងារ (ILO) បានចង្អុលបង្ហាញថា បច្ចុប្បន្នមានប្រជាជនកម្ពុជាប្រមាណ ៦,៥ ភាគរយ   ដែលមានអាយុលើសពី ៦០ឆ្នាំ។ ដោយទិន្នន័យក្នុងពេលបច្ចុប្បន្ននេះ ក្រុមប្រជាជនដែលមានអាយុចាប់ពី ០ ដល់ ១៤ ឆ្នាំ មានចំនួន ៥លាននាក់, ក្រុមប្រជាជនដែលមានអាយុចាប់ពី ១៥ ដល់ ៥៤ឆ្នាំ មានចំនួនប្រមាណជាង ៩លាននាក់ និងក្រុមប្រជាជនដែលមានអាយុចាប់ពី ៥៥ឆ្នាំ ឡើងទៅមានចំនួនប្រមាណជាង ១លាននាក់ ដែលសមាមាត្រនេះ ត្រូវបានរំពឹងថា នឹងមានការកើនឡើងប្រមាណ ២៤% (ភាគរយ) ប្រហែលជាជាង ៧លាន នាក់ នាឆ្នាំ២០៦៨  ក្នុងរយៈពេល ៥០ឆ្នាំខាងមុខ ។

    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ទៀតថា ៖ ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើន ប្រកបដោយចីរភាព ពីសំណាក់រាជរដ្ឋាភិបាល កម្ពុជា  នេះគឺជាពេលវេលាដ៏ស័ក្តសមបំផុតក្នុងការបង្កើតឱ្យមានរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជននៅកម្ពុជា ដើម្បីទប់ស្កាត់នូវបញ្ហាប្រឈម ដោយសារអត្រាមនុស្សចាស់កើនឡើងក្នុងរយៈពេល ៥០ឆ្នាំខាងមុខ ហើយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ ក៏នឹងជួយទំនុកបម្រុងជីវភាព ប្រជាជនពេលចាស់ជរាខ្វះលទ្ធភាពស្វែងរកប្រាក់ចំណូល ព្រមទាំងកាត់បន្ថយបន្ទុក ចំណាយក្នុងគ្រួសារនិងទម្លាប់ចិញ្ចឹមតគ្នា (ឪពុកម្តាយមានកាតព្វកិច្ចចិញ្ចឹមកូន រីឯកូនមានករណីកិច្ចចិញ្ចឹងឪពុកម្តាយវិញពេលចាស់ជរា) ។

    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បន្ទាប់ពីបញ្ចប់សិក្ខា សាលាពិគ្រោះយោបល់ គ្នាអស់រយៈពេលពេញមួយព្រឹកនេះ សិក្ខាកាមទាំងអស់នឹង ចូលរួមចំណែកយ៉ាងសកម្ម ដើម្បីផ្តល់ជាធាតុចូលសំខាន់ៗជាច្រើនបន្ថែមទៀត ដើម្បីឱ្យការអនុវត្តរបបប្រាក់សោធនសម្រាប់វិស័យឯកជន នៅកម្ពុជាកាន់តែមានលក្ខណៈល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

    សូមបញ្ជាក់ថា៖ សិក្ខាសាលាពិគ្រោះយោបល់ខាងលើ ប្រព្រឹត្តទៅនៅ Dara Airport Hotel & Spa រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានវត្តមានចូលរួមពី តំណាងសហព័ន្ធនិយោជក  សមាគមពាណិជ្ជកម្មកម្ពុជា អង្គការដៃគូអភិវឌ្ឍ និងស្ថាប័ន-អង្គភាពពាក់ព័ន្ធនានា សរុបប្រមាណជាង ១០០នាក់ ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.