Mail |
  • ភាសាខ្មែរ
  • English
  • ការគិតគួរពីសុវត្ថិភាពដល់បងប្អូនកម្មករនិយោជិតនិងអ្នកបើកបរដឹកកម្មករ គឺជាផ្នែកមួយយ៉ាងសំខាន់ ដែល ប.ស.ស. នៅតែបន្តយកចិត្តទុកដាក់

    មានចំនួន ២៤៣លើកហើយ គិតត្រឹមនព្វមាស ឆ្នាំ២០១៩ ក្រោមការចាត់តាំងពី សំណាក់ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិ សុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  ដែលក្រុម ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) បានចុះផ្សព្វផ្សាយអប់រំអំពីច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករនិយោជិត នៅតាមបណ្តាខេត្ត/ក្រុងនានាទូទាំងប្រទេស ដែលមានអ្នកចូលរួមស្វែងយល់សរុប ប្រមាណជាង ១៦ ៣១២ នាក់  ហើយព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នេះដែរក្រុមការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិរបប សន្តិសុខសង្គម (ប.ស.ស.)ក៏កំពុងបំពេញ កិច្ចការរបស់ខ្លួននៅរោងចក្រ SC Wado Componente (Cambodia) Co.,LTD ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សាន់កូ (ប៉ោយប៉ែត)  ខេត្តបន្ទាយមានជ័យបន្តទៀត ដែលមានអ្នកបើកបរយានយន្តដឹកកម្មករ និងបងប្អូនកម្មករនិយោជិតសរុបប្រមាណជាង ១០០នាក់ បានមកចូលរួមស្ដាប់អំពី ការផ្សព្វផ្សាយនេះដោយយកចិត្តទុកដាក់ ។

    តាមការលើកឡើងរបស់លោក ចាយ សំណាង អនុប្រធានការិយាល័យ គោលនយោបាយ នៃ ប.ស.ស. បានបញ្ជាក់ឲ្យដឹងថា៖ ការរៀបចំឱ្យមានកិច្ចប្រជុំ ផ្សព្វផ្សាយអប់រំខាងលើ ក្នុងគោលបំណង ដើម្បីឱ្យអ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករនិយោជិត បានយល់ដឹងបន្ថែមស្តីពីអត្ថប្រយោជន៍របបសន្តិសុខសង្គមផង ជាពិសេសយល់ដឹងច្បាប់ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជម្រុញឱ្យមានការ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានត្រឹមត្រូវ ក្នុងន័យរួមចំណែកកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាប ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” ។

    លោកស្រី លឹម សុខជា តំណាងអគ្គស្នងការនគរបាលជាតិ នៅក្នុងឱកាសនេះដែរ បានថ្លែងការកោតសរសើរ និងអរគុណចំពោះក្រុមការងារបេឡាជាតិរបប សន្តិសុខសង្គម ឬហៅកាត់ថា ប.ស.ស. ដែលតែងតែចុះបណ្តុះបណ្តាល និងផ្សព្វផ្សាយ អប់រំច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកជូនដល់បងប្អូនអ្នកបើកបរយានយន្តដឹកកម្មករនិយោជិត ក៏ដូចជាបងប្អូនកម្មករនិយោជិត ដែលនេះជាការួមចំណែកយ៉ាងសំខាន់ ក្នុងការទប់ស្កាត់នូវករណីគ្រោះថ្នាក់ចរាចរណ៍កុំឱ្យកើតមានមកលើបងប្អូនកម្មករនិយោជិត ។

    លោកស្រី បានណែនាំ និងធ្វើការផ្តាំផ្ញើដល់បងប្អូនកម្មករនិយោជិតដែលបានចូលរួម ស្វែងយល់ថ្ងៃនេះ ឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងពេលធ្វើដំណើរនៅលើដងផ្លូវ ដោយពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ជាពិសេសបងបងប្អូនដែលជាអ្នកបើកបរ រថយន្តដឹកកម្មករទាំងអស់យកចិត្តទុកដាក់ក្នុងការបើកបរ កុំផ្ទុកចំនួនកម្មករលើស ចំណុះ ហាមវ៉ាជែងក្នុងសភាពផ្លូវចង្អៀត គឺធ្វើយ៉ាងណាចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ដើម្បីកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍។

    លោកវរសេនីយ៍ទោ សួន នីប៉ូ អនុប្រធានការិយាល័យទទួលបន្ទុកផែនចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឱ្យដឹងដែរថា៖ គិតមកត្រឹមនព្វមាស ឆ្នាំ២០១៩ នេះ ករណីគ្រោះថ្នាក់ចរាចរណ៍សរុបដែលបាន កើតឡើងនៅទូទាំងខេត្តរបស់លោកមានរហូតដល់ទៅជាង ១៤០ករណី  ហើយកត្តា ចំបងដែលបង្កឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ ភាគច្រើនគឺកើតឡើងដោយសារ កត្តាមនុស្សជាអ្នកបើកបរផ្ទាល់ ដែលពេលខ្លះគឺខ្វះការយោគយល់អធ្យាស្រ័យឱ្យ គ្នានៅពេលបើកបរលើដងផ្លូវ។

    សូមបញ្ជាក់ថា៖ កិច្ចប្រជុំផ្សព្វផ្សាយខាងលើ ប្រព្រឹត្តទៅដោយមានការចូលរួមពី តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ, តំណាងស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ, តំណាងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ព្រមទាំងបងប្អូនកម្មករនិយោជិតជាច្រើននាក់ផងដែរ ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.