ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) ក្នុងកិច្ចប្រជុំលទ្ធផលការងារសម្រេចបានក្នុងនព្វមាស ឆ្នាំ២០១៩ និងទិសដៅការងារអនុវត្តន៍បន្ត របស់ក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិតនៃបេឡាជាតិរបបសន្ដិសុខសង្គមនៅសាលប្រជុំ ប.ស.ស ក្នុងរាជធានីភ្នំពេញ នាព្រឹកមិញនេះ បានថ្លែងថា៖ គ្រោះថ្នាក់ចរាចរណ៍នៅតែជាកង្វល់របស់រាជរដ្ឋាភិបាល បើទោះបីមានការសហការរវាងក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) ជាមួយនឹងក្រសួង ស្ថាប័ន អង្គភាព សមត្ថកិច្ចពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ដែលមានតួនាទីសំខាន់ក្នុងការចូលរួម លើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់កម្មករនិយោជិតស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក និងប្រឡងយកបណ្ណបើកបរ នៅក្នុងនព្វមាស ឆ្នាំ២០១៩ នេះយ៉ាងណាក៏ដោយ ។
ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានថ្លែងបន្តទៀតថា៖ ក្នុងការចូលរួមអនុវត្តផែនការសកម្មភាព “ សុវត្ថិភាពចរាចរណ៍ ផ្លូវគោក ចំពោះកម្មករនិយោជិត” ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ បេឡាជាតិរបបសន្តិសុខសង្គម និងក្រសួង ស្ថាប័ន អង្គភាព សមត្ថកិច្ចពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ដែលជាដៃគូសហការ ត្រូវតែបង្កើននូវកិច្ចសហការក្នុងការចូលរួម ផ្សព្វផ្សាយអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បន្តទៀតធ្វើយ៉ាងណា ចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យស្ថិតនៅកម្រិត ទាបបំផុត ។
បើយោងតាមរបាយការណ៍ បានបង្ហាញថា ៖ក្នុងនព្វមាស ឆ្នាំ២០១៩នេះ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់ គាំពារកម្មករនិយោជិត (ស.ផ.ក)បាន៖
– ប្រជុំផ្សព្វផ្សាយអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់កម្មករនិយោជិតបានចំនួន ២៤៣លើកអ្នកចូលរួមសរុបចំនួន ១៦ ៣១២នាក់
– រៀបចំការប្រឡងយកបណ្ណបើកបរ ជូនដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិតបានចំនួន ២៣លើក អ្នកចូលរួម សរុបចំនួន ១ ២១៦នាក់ ប្រឡងជាប់ជាស្ថាពរចំនួន ១ ០៧៤នាក់ (ប្រភេទ “ខ”ចំនួន ៥៧២បណ្ណ ជាប់ចំនួន ៤៩៥បណ្ណ និងប្រភេទ “ឃ២”ចំនួន ៦៤៤បណ្ណ ជាប់ចំនួន ៥៧៩បណ្ណ)
– ចែកបណ្ណបើកបរ ជូនដល់អ្នកបើកបររថយន្តដឹកកម្មករនិយោជិត បានចំនួន ២០លើក អ្នកទទួលបណ្ណបើកបរចំនួន ១ ២៦២នាក់ (ប្រភេទ “ខ” ចំនួន ៥៤៥បណ្ណ និងប្រភេទ “ឃ២” ចំនួន ៧១៧បណ្ណ
– រៀបចំផលិតបណ្ណមូលនិធិសមធម៌សុខាភិបាល ជូនអ្នកបើកបរយានយន្តដឹកកម្មករនិយោជិត បានចំនួន ៣ ០៥៦បណ្ណ
– ចែកបណ្ណមូលនិធិសមធម៌សុខាភិបាល ជូនដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត បានចំនួន ១៨លើក អ្នកទទួលបណ្ណចំនួន ៨៧៨បណ្ណ។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ដែលបានប្រព្រឹត្តទៅរយៈពេលពេញមួយព្រឹកដោយមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងជាសមាជិកដែលជា ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត ៕