Mail |
  • ភាសាខ្មែរ
  • English
  • មន្ត្រីជំនាញ ប.ស.ស. កម្ពុជា និងសមាជិកអាស៊ានចំនួន ៥ប្រទេសទៀត បានចូលរួមវគ្គបណ្តុះបណ្តាល និងចែករំលែកពិសោធន៍ ស្តីពីការស្តារនីតិសម្បទាសម្រាប់កម្មករជាជនពិការរាងកាយ នៅប្រទេសថៃ

    ប្រទេសថៃ៖ លោកធួង សំណាង អនុប្រធានការិយាល័យស្តារនីតិសម្បទា បេឡាជាតិរបបសន្តិសុខសង្គមកម្ពុជា ទៅចូលរួម វគ្គបណ្តុះបណ្តាល និងចែករំលែកពិសោធន៍ ស្តីពីការស្តារនីតិសម្បទាសម្រាប់កម្មករជាជនពិការរាងកាយ ក្រោមការចាត់ តាំងពីសំណាក់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

    សម្រាប់វគ្គបណ្ដុះបណ្ដាល និងការចែករំលែកបទពិសោធន៍ ស្តីពីការផ្តល់សេវាស្តារនីតិសម្បទារបបសន្តិសុខសង្គម នៅប្រទេសថៃនេះ គឺមានលក្ខណៈទូលំទូលាយសម្រាប់កម្មករជាជនពិការរាងកាយ (Comprehensive Rehabilitation for Workers with Physical Disabilities) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែសីហា រហូតដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩  ដែលរៀបចំឡើងដោយអង្គភាពសន្តិសុខសង្គម នៃប្រទេសថៃ (Social Security Office-SSO) និងមជ្ឈមណ្ឌលស្តារនីតិ សម្បទាខាងវិជ្ជាជីវៈតំបន់ ១(Industrial Rehabilitation Center Region 1-IRC) ស្ថិតនៅខេត្តប៉ាធុមថានី នៃប្រទេសថៃ។

    វគ្គបណ្តុះបណ្តាលនេះដែរ មានគោលបំណងចែករំលែកបទពិសោធន៍ទាក់ទងនឹងសេវាស្តារនីតិសម្បទា ដល់បណ្តាប្រទេសស្ថិតនៅក្នុងតំបន់អាស៊ាន ដោយផ្តោតសំខាន់ទៅលើការផ្តល់សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ (Medical Rehabilitation) សេវាស្តារនីតិសម្បទាផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ និងការងារ (Vocational Rehabilitation and Return to Work) និងស្តារនីតិសម្បទាផ្នែកចិត្តសាស្ត្រសង្គម (Psychosocial Rehabilitation) សម្រាប់ ជួយដល់កម្មករជាជនពិការដែលទទួលរងគ្រោះថ្នាក់ដោយសារការងារ ឬសមាជិកដែលពិការស្ថិតនៅក្រោមបទប្បញ្ញត្តិ សន្តិសុខសង្គម(Social Security Act) ដើម្បីឱ្យពួកគេមានឱកាសអាចត្រឡប់ទៅធ្វើការនៅតាមសហគ្រាសវិញ ឬអាច ប្រកបរបរផ្ទាល់ខ្លួន និងដើម្បីរស់នៅក្នុងសង្គមបានដោយឯករាជ្យ តាមរយៈដំណើរការនៃការផ្តល់សេវាស្តារនីតិសម្បទា។

    សូមបញ្ជាក់ថា នេះជាលើកទី៥ហើយ ដែលសមាជិកអាស៊ានបានដំណើរការវគ្គបណ្ដុះបណ្ដាល និងចែករំលែកបទពិសោធន៍ ស្តីពីការផ្តល់សេវាស្តារនីតិសម្បទារបបសន្តិសុខសង្គមរបស់ខ្លួន ដោយមានការចូលរួមពី កម្ពុជា ឡាវ មីយ៉ាន់ម៉ា សឹង្ហបូរី ហ្វីលីពីន និងម៉ាឡេស៊ី ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.