Mail |
  • ភាសាខ្មែរ
  • English
  • កម្មករនិយោជិតជាសមាជិក ប.ស.ស. ដែលរងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ត្រូវបានយកចិត្តទុកដាក់ និងចុះសុខទុក្ខពីសំណាក់ក្រុមការងារសមាជិកសភាមណ្ឌលស្វាយរៀង ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ ប.ស.ស.

    ស្វាយរៀង៖ ក្រុមការងារសមាជិកសភាមណ្ឌលស្វាយរៀង ដែលមាន ឯកឧត្តមបណ្ឌិត ជ័យ សុន, ឯកឧត្តមបណ្ឌិត គឹម ធា រួមទាំងគណៈប្រតិភូថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ ប.ស.ស. សាខាខេត្តស្វាយរៀង នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ បានចុះសួរសុខទុក្ខបងប្អូនកម្មករកម្មការិនី ដែលបានរងគ្រោះថ្នាក់ចរាចរណ៍ ២ថ្ងៃបន្ដបន្ទាប់ នៅមន្ទីរពេទ្យ បង្អែកខេត្តស្វាយរៀង មន្ទីរពេទ្យបង្អែកជីភូ និងបានអញ្ជើញទៅដល់គេហដ្ឋានក្រុមគ្រួសារនៃសព ដែលរងគ្រោះថ្នាក់រហូត បាត់បង់ជីវិត ។

    ឯកឧត្តមបណ្ឌិត ជ័យ សុន ក្នុងឱកាសចុះសួរសុខទុក្ខនេះ បានថ្លែងថា ៖ ក្នុងនាមឯកឧត្តមជាក្រុមការងារសមាជិកសភា មណ្ឌលស្វាយរៀង ព្រមទាំងគណៈប្រតិភូថ្នាក់ដឹកនាំខេត្តទាំងអស់ មានការសោកស្តាយយ៉ាងខ្លាំងចំពោះហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍ដែលបានកើតឡើងមកលើបងប្អូនកម្មករកម្មការិនី ក្នុងរយៈពេល ២ថ្ងៃបន្តបន្ទាប់គ្នានេះ ។

    ឯកឧត្តមបណ្ឌិតបន្តទៀតថា៖ ដោយសារប្រទេសមានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតពី សំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា សម្តេចតែងតែគិតគួរពីសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាក់ស្តែងដូចបងប្អូនកម្មករនិយោជិត ដែលបានជួបគ្រោះថ្នាក់នៅពេលនេះ ។

    ឯកឧត្តមបណ្ឌិត បានធ្វើការអំពាវនាវបងប្អូនអ្នកបើកបររថយន្តដឹកកម្មករ និងបងប្អូនកម្មករនិយោជិត ត្រូវបង្កើនការប្រុង ប្រយ័ត្នឱ្យបានខ្ពស់នៅពេលបើកបរនៅលើដងផ្លូវ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ធ្វើយ៉ាងណាទប់ស្កាត់ករណី គ្រោះថ្នាក់ចរាចរណ៍កុំឱ្យកើតមានឡើង ឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ” ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ” ។

    ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតបានថ្លែងការកោតសរសើរដល់ ថ្នាក់ដឹកនាំខេត្ត ក្រុមគ្រូពេទ្យ និងក្រុមការងារ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ដែលបានសហការគ្នាបំពេញតួនាទីរបស់ខ្លួន ក្នុងការជួយសង្គ្រោះបងប្អូនកម្មករ និយោជិតបានទាន់ពេលវេលា។

    លោក ហៀង សុលីដែត ប្រធានការិយាល័យ ប.ស.ស. សាខាខេត្តស្វាយរៀង បានបញ្ជាក់ថា ៖ ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ដែលបានកើតមកលើបងប្អូនកម្មករនិយោជិតនៅខេត្តស្វាយរៀង រយៈពេល ២ថ្ងៃបន្តបន្ទាប់គ្នាកន្លងមកនេះ មានបងប្អូនកម្មករនិយោជិតរងរបួសធ្ងន់ស្រាលចំនួន ៥៩នាក់ រងរបួសធ្ងន់ចំនួន ១៥នាក់ និងគ្រោះថ្នាក់រហូតដល់ស្លាប់ចំនួន ២នាក់ ។

    លោកបានបន្តទៀតថា៖ រាល់ថ្លៃសេវាថ្លៃដឹកជញ្ជូនជនរងគ្រោះ, ថ្លៃសេវាដឹកសព, ថ្លៃសេវាព្យាបាលរហូតដល់ជាសះស្បើយ គឺជាបន្ទុករបស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) រួមជាមួយនឹងអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្សេងៗជាច្រើន ទៀតផងដែរ។ ដោយឡែកសម្រាប់ជនរងគ្រោះដែលរងគ្រោះថ្នាក់រហូតដល់ស្លាប់ ប.ស.ស. ផ្តល់ជូនថវិកាក្នុងមួយគ្រួសារ សពចំនួន ៤លានរៀល ដើម្បីចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី និងផ្តល់ប្រាក់ឧត្តរជីវីដល់ជនដែលរស់នៅក្នុងបន្ទុក របស់ជនរងគ្រោះដែលបានស្លាប់ ដោយផ្អែកទៅលើច្បាប់របបសន្តិសុខសង្គមដែលបានកំណត់ ។

    លោក ហៀង សុលីដែត បានឱ្យដឹងដែរថា៖ គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នេះ សម្រាប់ខេត្តស្វាយរៀង មានបងប្អូនកម្មករនិយោជិតដែលរងគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន ៣៥៥នាក់ (ស្រីចំនួន ១៧៨នាក់) ក្នុងនោះរងរបួសស្រាលចំនួន ៣០១នាក់ (ស្រីចំនួន ១៧៤នាក់) រងរបួសធ្ងន់ចំនួន ៤៥នាក់ (ស្រីចំនួន ២២នាក់) និងគ្រោះថ្នាក់រហូតដល់ស្លាប់មានចំនួន ៩នាក់ ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.