Mail |
  • ភាសាខ្មែរ
  • English
  • កិច្ចប្រជុំពិគ្រោះយោបល់ជាមួយមូលដ្ឋានសុខាភិបាលឯកជន លើបញ្ហាប្រឈមក្នុងការអនុវត្តការងារក្នុងភាពជាដៃគូជាមួយបេឡាជាតិរបបសន្តិសុខសង្គម ជូនដល់សមាជិក ប.ស.ស

    ភ្នំពេញ៖ ក្រោមការចាត់តាំងរបស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទូកជានាយក ប.ស.ស. នៅព្រឹកថ្ងៃចន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នេះ ដឹកនាំដោយ ឯកឧត្តម ស៊ុំ សោភ័ណ នាយករង  ប.ស.ស.  បានបើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយមូលដ្ឋានសុខាភិបាលឯកជន បញ្ហាប្រឈមក្នុងការអនុវត្តការងារក្នុងភាពជាដៃគូជាមួយបេឡាជាតិរបបសន្តិសុខសង្គម ជូនដល់សមាជិក ប.ស.ស. ជាមួយ នឹងតំណាងថ្នាក់ដឹកនាំមូលដ្ឋានសុខាភិបាលឯកជនជាដៃគូ ប.ស.ស. សរុបប្រមាណជិត ១០០នាក់  ដែលប្រព្រឹត្តទៅនៅ សាលប្រជុំធំ នៃទីស្នាក់ការកណ្តាលនៃ ប.ស.ស.  រាជធានីភ្នំពេញ ។

    ឯកឧត្តម នាយករង បានបញ្ជាក់ថា៖  កិច្ចប្រជុំនេះ ផ្ដោតសំខាន់ទៅលើបញ្ហាប្រឈម អំពីការបំពេញទម្រង់បែបបទរដ្ឋបាល ទាក់ទនង ប.ស.ស. និងដំណើរការទូទាត់ថ្លៃសេវាជូនដល់មូលដ្ឋានសុខាភិបាលទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងឯកជន ទាំងអស់ ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ជាមួយនិងការយកចិត្តទុកដាក់បន្ថែមទៀតទាក់ទងទៅនឹងការមក ទទួលសេវាពិនិត្យ ព្យាបាលជំងឺរបស់សមាជិក ប.ស.ស. ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

    ឯកឧត្តម នាយករង បានបន្តទៀតថា៖  កម្មករនិយោជិតមួយចំនួន នៅមិនទាន់យល់ដឹងច្បាស់ពីនីតិវិធីក្នុងការទៅទទួល សេវាពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. នៅឡើយទេ ដូច្នេះដើម្បីឱ្យកាន់តែមានភាពល្អប្រសើរឡើង សូមឱ្យមានការចូលរួមដោយយកចិត្តទុកដាក់បន្ថែមទៀតពីខាងមន្ទីរពេទ្យ ដែលជាដៃគូ ប.ស.ស. ។

    បច្ចុប្បន្ន បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលសាធារណៈ និងមន្ទីរពេទ្យឯកជន សរុបចំនួន ១ ៣៣៧ មូលដ្ឋានសុខាភិបាល ក្នុងនោះមានមន្ទីរពេទ្យរដ្ឋចំនួន ១២៩២ មូលដ្ឋាន សុខាភិបាល និងមន្ទីរពេទ្យឯកជនចំនួន ៤៥ មូលដ្ឋានសុខាភិបាល ដើម្បីសម្រួលដល់ការផ្តល់សេវាជូនសមាជិក ប.ស.ស.  ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

    នេះគឺជាការឆ្លើយតប ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឱ្យកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ទទួលបានសេវាគាំពារសង្គម ដើម្បីរក្សាសុខុមាលភាព និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតឱ្យកាន់តែប្រសើរឡើង៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.