ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាពនេះ ត្រូវបានផ្តល់កិត្តិយសធ្វើបទបង្ហាញផ្ទាល់ដោយ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងវគ្គបណ្តុះបណ្តាល ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំធំ នៃ ប.ស.ស ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ។
រយៈពេលពេញមួយព្រឹក ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលបានធ្វើបទបង្ហាញ និងពន្យល់ណែនាំដល់បុគ្គលិកជំនាញទាំងអស់ ឱ្យកាន់តែមានការយល់ដឹងច្បាស់លាស់ថែមទៀត ទាក់ទងទៅនឹងការងារជំនាញក្នុងប្រព័ន្ធសន្តិសុខសង្គម ដើម្បីបង្កើនសមត្ថភាព និងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ថ្មីៗ ទាក់ទងនឹងការអនុវត្តការងារប្រចាំថ្ងៃ ឱ្យកាន់តែមានប្រសិទ្ធិភាព និងធានាបាននូវគុណភាព និងភាពទាន់ពេលវេលា នៃការផ្តល់សេវារបបសន្តិសុខសង្គមជូន សមាជិក ប.ស.ស បើទោះបីជាកន្លងមកនេះ បុគ្គលិកជំនាញទាំងអស់ បានបំពេញកិច្ចការរបស់ខ្លួនប្រកបដោយទទួលបាន លទ្ធផលល្អហើយក្តី។
ក្នុងវគ្គបណ្តុះបណ្តាលបង្កើនជំនាញសមត្ថភាពនេះដែរ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ក៏បានផ្តាំផ្ញើបុគ្គលិកជំនាញ គ្រប់ការិយាល័យ នៃ ប.ស.ស ទាំងអស់ ត្រូវតែអនុវត្តតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីឆ្លើយតបទៅនឹងគោល នយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។
គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលខាងលើនេះ ប្រព្រឹត្តទៅមានរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ៕