ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ក្រុមការងារបច្ចេកទេស នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំដោយ ឯកឧត្តម ហេង សុផាន់ណារិទ្ធ ប្រធានការិយាល័យគោលនយោបាយ និងជាប្រធានក្រុមការងារបច្ចេកទេស បានបើកកិច្ចប្រជុំមួយ ស្តីពីការធ្វើបទបង្ហាញលើរបាយការណ៍ នៃកិច្ចសម្ភាសន៍ការិយាល័យជំនាញ នៃ ប.ស.ស. និងពិភាក្សាអំពីការអនុវត្តការងារបន្តរបស់ក្រុមការងារបច្ចេកទេស ដែលប្រព្រឹត្តទៅនៅសាលប្រជុំស្នាក់ការកណ្តាល នៃ ប.ស.ស. រាជធានីភ្នំពេញ ។
គោលបំណងនៃកិច្ចប្រជុំខាងលើនេះ គឺផ្តោតសំខាន់ទៅលើចំណុចសំខាន់ចំនួន២ គឺ៖
– ដើម្បីចែករំលែកបទពិសោធន៍ ស្តីអំពីនីតិវិធីរបស់ ប.ស.ស. ដែលត្រូវបានប្រើដើម្បីចុះបញ្ជីក្រុមគោលដៅក្នុងទទួលបាន ប័ណ្ណមូលនិធិសមធម៌សុខាភិបាល និងពិនិត្យឡើងវិញនូវបែបបទ និងយន្តការនៃការកំណត់អត្តសញ្ញាណនៃការចុះបញ្ជិកា និងការប្រមូលភាគទានក្នុងរបបថែទាំសុខភាព។
– រៀបរាប់ពីជម្រើសដែលមានសក្តានុពលដើម្បីសម្រួលដល់នីតិវិធីដើម្បីមានវិសាលភាពលើក្រុមអ្នករត់ម៉ូតូកង់បី និងអ្នកធ្វើ ការតាមផ្ទះស្ថិតក្រោមរបបរបស់ ប.ស.ស. ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ មានការចូលរួមពី លោកស្រី Camille Vautier នាយកគម្រោងកិច្ចគាំពារសុខភាពសង្គមនៃ អង្គការ Gret , តំណាងសមាគមកិច្ចគាំពារសុខភាពសង្គម ព្រមទាំងលោក លោកស្រី ជាមន្រ្តី ប.ស.ស. សរុបប្រមានជាង ១០នាក់ ៕