ភ្នំពេញ៖ ឯកឧត្តម ប៉ែន នរៈវុធ នាយករងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) និងជាតំណាងឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានសម្តែងនូវការស្វាគមន៍ចំពោះ វត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ សហជីព និងដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលានាព្រឹកថ្ងៃសុក្រ ១៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ។
ឯកឧត្តម ប៉ែន នរៈវុធ បាន វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់តំណាងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា ដែលតែងតែចូលរួមសហការជាមួយ ប.ស.ស ជាពិសេស អង្គការអន្តរជាតិខាង ការងារ(ILO), GRET, AFD, WOF និងSHPA ដែលបានចូលរួមចំណែកគ្រប់សកម្មភាព និងមានស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងផ្តល់នូវជំនួយបច្ចេកទេស និងជំនួយហិរញ្ញវត្ថុធ្វើឱ្យអង្គភាពមួយនេះទទួលបាននូវលទ្ធផល ជារៀងរហូតមក ។
ឯកឧត្ដម ហេង សុផាន់ណារិទ្ធ ប្រធានការិយាល័យ គោលនយោបាយ បានមានប្រសាសន៍ថា គោលនយោបាយគាំពារ សង្គម បានអនុម័តនៅឆ្នាំ២០១៦ ដល់២០២៥ ក្នុងនោះបានចែងយ៉ាងច្បាស់ពីការ ពង្រីកផ្នែកថែទាំសុខភាពលើសាច់ញាតិ ជាសមាជិក មានន័យថា ទាំងកម្មករក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។
ដោយឡែកនៅក្នុងប្រកាស៤០៤ អន្តរក្រសួង ស្ដីពីការអនុវត្តន៍ប្រព័ន្ធមូនិធិសមធ៌សុខាភិបាលសម្រាប់កម្មករនិយោជិត ក្រៅប្រព័ន្ធ គឺបេឡាជាតិរបបសន្តិសុខសង្គម មានតួនាទីចុះបញ្ជិកាកម្មករនិយោជិត សេដ្ឋកិច្ចក្រៅប្រព័ន្ធ រីឯការចូលទៅប្រើ ប្រាស់ និងទូទាត់សំណងជាបន្ទុករបស់ក្រសួងសុខាភិបាល។
ចំណែកឯការផ្ដល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល សម្រាប់កម្មករនិយោជិតជាស្ដី្រនៅពេលសម្រាលកូន នាពេលបច្ចុប្បន្ន គឺបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជាអ្នកអនុវត្តន៍ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។
ដូច្នេះ កិច្ចប្រជុំនាថ្ងៃនេះដែរគឺមានគោលបំណងដ៏សំខាន់ថែមទៀត គឺដើម្បី ៖ ពង្រីកវិសាលភាពក្នុងការទាក់ទាញកម្មករ នៅក្រៅប្រព័ន្ធដែលក្រសួងសុខាភិបាលមិនទាន់បានគ្រប់គ្រងអស់ ធ្វើយ៉ាងណាឱ្យគាត់មកចុះបញ្ជីចូលជាសមាជិក ក្នុងប្រព័ន្ធទាំងអស់ដើម្បីទទួលបានអត្ថប្រយោជន៍ ហើយនៅក្នុងជំហានទី១នេះគឺយើងជ្រើសរើសយកអ្នកបម្រើតាមផ្ទះ អ្នកបើកម៉ូតូរ៉ឺម៉ក និងបន្ទាប់មកទៀតកម្មករសំណង់៕