Mail |
  • ភាសាខ្មែរ
  • English
  • មន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ប្រមាណជា ១៨០ នាក់ នៅខេត្តសៀមរាប ទទួលបានការផ្សព្វផ្សាយ ស្តីពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ពី ប.ស.ស

    សៀមរាប៖ បន្ទាប់ពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រគល់ ប័ណ្ណសមាជិករបស់ខ្លួន សរុបប្រមាណជាង ៣០ម៉ឺនប័ណ្ណ ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៅតាមក្រសួង ស្ថាប័ន នាពេលកន្លងមក ហើយនៅព្រឹកថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៩ នេះ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សហការជាមួយសាលាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ ស្តីពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ជូនដល់មន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្ត មន្ទីរ និងអង្គភាពពាក់ព័ន្ធនានា ទូទាំងខេត្តសៀមរាប ដើម្បីឱ្យពួកគាត់ ទាំងអស់បានយល់ដឹងកាន់តែច្បាស់ បន្ថែមទៀតស្តីពីនីតិវិធី នៃការទៅទទួលសេវាថែទាំសុខភាពដោយឥតបង់ថ្លៃ នៅគ្រប់មន្ទីរពេទ្យទាំងអស់ដែលបានចុះ កិច្ចព្រមព្រៀងជាមួយ ប.ស.ស ជាពិសេសគឺនីតិវិធីនៃការទទួលបាន តាវកាលិកផ្សេងៗ ដែល ប.ស.ស បានផ្តល់ជូន។

    បច្ចុប្បន្ន ប.ស.ស បានចុះបញ្ជីមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន សរុបចំនួន ៣១៧ ៥០៩នាក់ (មន្ត្រីរាជការចំនួន ២០៧ ៥១៧នាក់ អតីតមន្ត្រីរាជការចំនួន ៥៥ ២២២នាក់ អតីតយុទ្ធជនចំនួន ៥៥ ២៧៧នាក់) និងមានមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនទៅទទួលសេវាថែទាំសុខភាពបានចំនួន ៣០ ៧២៧ ដង-នាក់។

    ប.ស.ស នឹងបន្តពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងបន្តជម្រុញការអនុវត្ត ផ្នែកថែទាំសុខភាពទាំងសម្រាប់កម្មករនិយោជិត និងមន្ត្រីសាធារណៈ និងខិតខំរៀបចំដាក់ឱ្យដំណើរការផ្នែកប្រាក់ សោធនសម្រាប់កម្មករនិយោជិត និងផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈនៅឆ្នាំ២០១៩ ។

    គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំផ្សព្វផ្សាយខាងលើនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពី មន្ទីរ និងអង្គភាពពាក់ព័ន្ធនានា សរុបប្រមាណជាង ១៨០នាក់ ស្ថិតនៅក្នុងសាលប្រជុំសាលាខេត្តសៀមរាប ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.