Mail |
  • ភាសាខ្មែរ
  • English
  • ថ្ងៃនេះ ប.ស.ស បន្តផ្តល់ប័ណ្ណសមាជិករបស់ខ្លួនចំនួន ៤០៨ ប័ណ្ណ ជូនដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៅអង្គភាពប្រឆាំងអំពើពុករលួយ

    រាជធានីភ្នំពេញ៖  ឯកឧត្តម ម៉េង ហុង នាយករង ប.ស.ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយក ប.ស.សបានបញ្ជាក់ថា៖

    កន្លងមក ប.ស.ស បានធ្វើកិច្ចសហការតាមបណ្ដាក្រសួងមួយចំនួនរួចមកហើយ ក្នុងការផ្តល់ប័ណ្ណសមាជិក ប.ស.ស ទៅដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា  ហើយនៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ ប.ស.ស បានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ បន្តផ្តល់ប័ណ្ណសមាជិករបស់ខ្លួន ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ចំនួន ៤០៨ប័ណ្ណបន្ថែមទៀត នៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីឱ្យពួកគាត់ទទួលបានសេវាថែទាំសុខភាពនៅមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ។

    ឯកឧត្តម នាយករង បានថ្លែងរំលឹកបន្តទៀតថា៖  តាមរយៈការអនុវត្តរបបសន្តិសុខសង្គមសម្រាប់វិស័យឯកជន ប្រកបដោយជោគជ័យនាពេលកន្លងមក ប.ស.ស ត្រូវបានរាជរដ្ឋាភិបាលផ្តល់ទំនុកចិត្ត និងបានប្រគល់ភារកិច្ចបន្ថែមជា ប្រតិបត្តិករតែមួយគត់ក្នុងការគ្រប់គ្រងនិងចាត់ចែងរបបសន្តិសុខសង្គម  ផ្នែកហានិភ័យការងារសម្រាប់ មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន មានបញ្ញត្តិនៅក្នុងព្រះរាជក្រឹត្យលេខ នស/រកត/០២១៧/០៧៨ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ។

    ឯកឧត្តម នាយករង បានបញ្ជាក់ទៀតថា៖ ចាប់ពីដើមឆ្នាំ ២០១៨ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន បានដាក់ឱ្យដំណើការ នូវកញ្ចប់តាវកាលិករួមមាន៖

    – សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ

    – សេវាបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះចំពោះករណីសង្គ្រោះបន្ទាន់ សេវាបញ្ជូនសព

    – សេវាបង្ការសុខភាព ។

    មកដល់ពេលនេះ មានមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនទៅទទួលសេវាថែទាំសុខភាពបានចំនួន ៣០ ៧២៧ ដង-នាក់ ហើយ ។

    ឯកឧត្តម អ៊ឹម ចាន់ថុល ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ បានវាយតម្លៃថា ប័ណ្ណសមាជិក ប.ស.ស នេះ គឺជាសមិទ្ធផលដ៏ល្អមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាបង្កើតឡើង ដើម្បីបម្រើដល់ផលប្រយោជន៍ មន្ត្រីរាជការ និងបងប្អូនកម្មករនិយោជិត ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.