Mail |
  • ភាសាខ្មែរ
  • English
  • ឆ្នាំ២០១៨ ដែលទើបកន្លងផុតទៅថ្មីៗនេះ មានកម្មករនិយោជិតជាស្ត្រីសម្រាលកូនចំនួន ៦៥ ០៥៤ នាក់ បានទទួលប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលតាមរយៈបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)

    ភ្នំពេញ៖ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម បានថ្លែងបញ្ជាក់ថា៖   នេះជាការផ្តល់ជូនកាដូពិសេសក្នុងការឆ្លើយតបទៅនឹងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត ជាស្ត្រីសម្រាលកូន ដែលកើតចេញពីគោលនយោបាយជាតិគាំពារសង្គម ក្នុងការលើកកម្ពស់សេវាគាំពារសង្គម និងការលើកកម្ពស់កំណើនប្រជាជនកម្ពុជា ក្នុងការដោះស្រាយនូវទុក្ខលំបាករបស់បងប្អូនកម្មករនិយោជិត ។

    គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដែលទើបកន្លងផុតទៅថ្មីៗនេះ  បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល ដល់កម្មករនិយោជិតជាស្ត្រីសម្រាលកូនមានចំនួន ៦៥ ០៥៤ នាក់ កូនចំនួន ៦៥ ៥៣៤ នាក់ និងចំណាយទឹកប្រាក់អស់ជាង ២៦ពាន់លានរៀល ។

    ឯកឧត្តម ប្រតិភូ បានថ្លែងបន្តថា ទាំងនេះគឺឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកខ្ពស់បំផុត ពីសំណាក់ប្រមុខរាជរដ្ឋា ភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា  ។

    ឯកឧត្តមប្រតិភូ បានថ្លែងឡើងដូច្នេះ នៅក្នុងពិធីប្រគល់-ទទួលប័ណ្ណសមាជិក ប.ស.ស ចំនួន ២០៨៩ ប័ណ្ណ ជូនដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃពុធ ១១រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី បុគ្គលឹកក្រោមឱវាទសរុប ប្រមាណជាង ៧០នាក់ ស្ថិតនៅក្នុងសាលប្រជុំនៃក្រសួងយុត្តិធម៌មួយនេះដោយផ្ទាល់ ។

    ឯកឧត្តមប្រតិភូ បានថ្លែងបញ្ជាក់ទៀតថា ៖ ប.ស.ស ត្រូវបានរាជរដ្ឋាភិបាលផ្តល់ទំនុកចិត្ត ឱ្យទទួលបន្ទុកលើការងារចុះបញ្ជី កម្មករនិយោជិតក្រៅប្រព័ន្ធ ដើម្បីទទួលបានសេវាមូលនិធិសមធម៌សុខាភិបាល ដែលមកដល់បច្ចុប្បន្ននេះ បានចុះបញ្ជីសហគ្រាសចំនួន ២៣ ១៨៣ សហគ្រាស និងកម្មករនិយោជិតសរុបចំនួន ១៣៧ ៨៤៥  នាក់ ។

    បច្ចុប្បន្ន  ប.ស.ស បានផ្តល់តាវកាលិកផ្នែកហានិភ័យការងារដល់ជនរងគ្រោះជាកម្មករនិយោជិតចំនួន ២១៦ ៣៥៧ នាក់ ក្នុងចំណោមកម្មករនិយោជិតជាសមាជិកចំនួន ១ ៦១៤ ៣៣៩ នាក់ នៃសហគ្រាសចំនួន ១២ ៦៨៨ សហគ្រាស។ ដោយឡែកសម្រាប់ផ្នែកថែទាំសុខភាព បានផ្តល់សេវាដល់កម្មករនិយោជិតចំនួន ១ ៨៥០ ៧១៩ ដង-នាក់ ក្នុងចំណោមកម្មករនិយោជិតប្រមាណជាង ១ ៦១៤ ៣៣៩ នាក់ នៃសហគ្រាសចំនួនជាង ១០ ១៥២ ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.