រាជធានីភ្នំពេញ៖ តាមរយៈការអនុវត្តរបបសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព ក្នុងឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបាន ពានរង្វាន់ ស្តីពីការ ទទួលស្គាល់អង្គភាពការងារឆ្នើមរបស់អាស៊ាន ខាងវិស័យសន្តិសុខសង្គមលើកិច្ចដំណើរការផ្តល់សេវាល្អខាងផ្នែក ថែទាំសុខភាព ។
ការទទួលបានពានរង្វាន់ ស្តីពីការទទួលស្គាល់អង្គភាពការងារឆ្នើមរបស់អាស៊ាន ខាងវិស័យសន្តិសុខសង្គម ប្រកបដោយប្រសិទ្ធភាពខ្ពស់ ពីសមាគមសន្តិសុខសង្គមអាស៊ានខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសមាគមសន្តិសុខសង្គមអាស៊ានលើកទី៣៥ ក្រោមប្រធានបទ “ បដិវត្តន៍ផ្នែកឧស្សាហកម្មលើកទី៤ និងការអភិវឌ្ឍន៍វិស័យសន្តិសុខសង្គមអាស៊ាន ” កាលពីថ្ងៃទី១៨-២០ ខែកញ្ញា ឆ្នាំ២០១៨ នៅប្រទេសវៀតណាម ។
ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានថ្លែងបន្តថា ប.ស.ស នឹងបន្តពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងបន្តជម្រុញការ អនុវត្តផ្នែកថែទាំសុខភាពថែមទៀត ទាំងសម្រាប់កម្មករនិយោជិត និងមន្ត្រីសាធារណៈ ព្រមទាំងខិតខំរៀបចំដាក់ ឱ្យដំណើរការផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិត និងផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈផងដែរ នៅឆ្នាំ២០១៩ ខាងមុខនេះ។
ប.ស.ស មានសមាជិក ជាមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ចំនួនជាង ៣០ម៉ឺននាក់ ដែលក្នុងនោះ មានមន្ត្រីរាជការចំនួន ២០៤ ០៨៤ នាក់ អតីតមន្ត្រីរាជការចំនួន ៥៥ ២២២ នាក់ និងអតីតយុទ្ធជនសរុបចំនួន ៥៤ ៧៧០ នាក់ ។
បច្ចុប្បន្ន សមាជិក ប.ស.ស ជាមន្រ្តីរាជការ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន បានទៅទទួលសេវាថែទាំសុខភាព ចំនួន ២៥៨ ៥១១ ដង-នាក់ នៅតាមមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ។
ឯកឧត្តមប្រតិភូ ថ្លែងឡើងបែបនេះ ស្ថិតក្នុងពិធីប្រគល់-ទទួលប័ណ្ណសមាជិក ប.ស.ស ចំនួន ១១៤ ៥៤៧ ប័ណ្ណ និងផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងអប់រំ យុវជន និងកីឡា ដែលមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការតំណាង អង្គភាព ស្ថាប័ន ក្រោមឱវាទ សរុបប្រមាណជាង ៥០០នាក់ នៅក្នុងសាលប្រជុំនៃវិទ្យាស្ថានជាតិអប់រំនាព្រឹកនៅថ្ងៃចន្ទ ៩រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០១៨ ។
ឯកឧត្តប្រតិភូ បានថ្លែងបន្តទៀតថា ទាំងនេះបង្ហាញពីការយកចិត្តទុកដាក់បំផុត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ មន្ត្រីសាធារណៈទាំងអស់ដែលជា និយោជិតរបស់រដ្ឋ ។
សូមបញ្ជាក់ថា៖ កន្លងមក ប.ស.ស ធ្លាប់បានទទួលវិញ្ញាបនបត្រ ចំនួន ០២លើករួចមកហើយ ដែលលើកទី០១ ទទួល បានវិញ្ញាបនបត្រអង្គភាពឆ្នើមក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) កាលថ្ងៃទី១០ ១១ ខែកញ្ញា ឆ្នាំ២០១៥ នៅប្រទេសសឹង្ហបុរី នាកិច្ចប្រជុំក្រុម ប្រឹក្សាភិបាល (ASSA) លើកទី៣២។
លើកទី០២ ទទួលបានវិញ្ញាបនបត្រ ស្តីពីការទទួលស្គាល់អង្គភាពការងារឆ្នើមរបស់អាស៊ាន ខាងវិស័យសន្តិសុខសង្គម លើកិច្ចដំណើរការគ្របដណ្តប់ផ្នែកថែទាំសុខភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) នៅប្រទេសហ្វីលីពីន ៕