កំពង់ស្ពឺ៖ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានចុះទៅដល់ផ្ទះរបស់ជនរងគ្រោះចំនួន ៣នាក់ ដែលកំពុងបម្រើ ការងារនៅរោងចក្រផលិតអង្ករ របស់ក្រុមហ៊ុន «ហ្គោល ឌិនរ៉ាយ» ដែលបានជួបគ្រោះថ្នាក់ការងារបណ្តាលឱ្យស្លាប់ ដោយសារអគ្គីភ័យឆាបឆេះរោងចក្រខណៈពេលកំពុងបំពេញការងារ កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៨ មានទីតាំងស្ថិតនៅ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដើម្បីផ្តល់ជូនប្រាក់វិភាជន៍បូជាសព ក្នុងមួយគ្រួសារចំនួន ៤ ០០០ ០០០ រៀល និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតដែលត្រូវបានផ្តល់ជូនពី ប.ស.ស ។
គួរបញ្ជាក់ផងដែរថា មូលហេតុនៃការឆាបឆេះខាងលើនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ដែលបង្កជាអណ្តាតភ្លើង ឆាបឆេះជាមួយកំទេចស្រូវ ។ ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ មានកម្មករនិយោជិតរងគ្រោះថ្នាក់សរុបចំនួន០៦ នាក់ ក្នុងនោះជនរងគ្រោះចំនួន០២នាក់ បានស្លាប់នៅកន្លែងកើតហេតុ ម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ប្រទេសវៀតណាម ជនរងគ្រោះចំនួន ០២នាក់រងបួសធ្ងន់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត និងជនរងគ្រោះម្នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម ។
ជនរងគ្រោះដែលបានជួបគ្រោះថ្នាក់ការងារខាងលើ មានរាយនាមដូចខាងក្រោម៖
១- ឈ្មោះ ស៊ុន សុវណ្ណរ៉ា (របួសធ្ងន់)
២- ឈ្មោះ មោះ ឌី រ៉ាជ (របួសធ្ងន់)
៣- ឈ្មោះ សូ ទាវ (របួសធ្ងន់)
៤- ឈ្មោះ អេង ចាន់ធី (ស្លាប់)
៥- ឈ្មោះ យឿន យ៉ាត (ស្លាប់)
៦- ឈ្មោះ គ្រុយ ស៊ីនួន (ស្លាប់នៅមន្ទីរពេទ្យប្រទេសវៀតណាម)
សម្រាប់ជនរងគ្រោះដែលកំពុងសម្រាកព្យាបាល ប.ស.ស នឹងចេញថ្លៃសេវាព្យាបាលទាំងស្រុងរហូតដល់ជាសះស្បើយ រួមជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗទៀត ដែលមានចែងក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម ៕