រាជធានីភ្នំពេញ៖ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស បានបញ្ជាក់ថា កន្លងមក ប.ស.ស បានធ្វើកិច្ចសហការតាមបណ្ដាក្រសួងមួយចំនួនរួចមកហើយ ក្នុងការផ្តល់ប័ណ្ណសមាជិក ប.ស.ស ទៅដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ហើយនៅព្រឹកថ្ងៃនេះដែរ ប.ស.ស បានសហការជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្មបន្តទៀត ក្នុងការផ្តល់ប័ណ្ណសមាជិករបស់ខ្លួន ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ចំនួន ១០៦៨ប័ណ្ណ ដើម្បីឱ្យពួកគាត់ទទួលបានសេវាថែទាំសុខភាពនៅមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ។
ឯកឧត្តមប្រតិភូ បានបន្តទៀតថា ចាប់ពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន ប.ស.ស បានពង្រីកវិសាលភាពរបស់ខ្លួនគ្របដណ្តប់ទូទាំង ប្រទេសដោយ មានមន្ត្រីរាជការ និងបុគ្គលិកដែលកំពុងបម្រើការងារសរុប ចំនួន ១ ៣៥៩នាក់ ក្នុងនោះមានមន្ត្រីរាជការចំនួន ២២៣នាក់ និងបុគ្គលិកជាប់កិច្ចសន្យាចំនួន ១ ១៣៦នាក់។
ឯកឧត្តមប្រតិភូ បានថ្លែងរំលឹកបន្តទៀតថា តាមរយៈការអនុវត្តរបបសន្តិសុខសង្គមសម្រាប់វិស័យឯកជនប្រកបដោយជោគជ័យគួរជាទី មោទនៈ កន្លងមក ប.ស.ស ត្រូវបានរាជរដ្ឋាភិបាលផ្តល់ទំនុកចិត្ត និងបានប្រគល់ភារកិច្ចបន្ថែម ជាប្រតិបត្តិករតែមួយគត់ ក្នុងការគ្រប់គ្រង និងចាត់ចែងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់ មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ដែលមានបញ្ញត្តិនៅក្នុងព្រះរាជក្រឹត្យលេខ នស/រកត/០២១៧/០៧៨ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ។
នៅដើមឆ្នាំ២០១៨ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន បានដាក់ឱ្យដំណើការ នូវកញ្ចប់តាវកាលិករួមមាន៖
– សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ
– សេវាបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះចំពោះករណីសង្គ្រោះបន្ទាន់ និងសេវាបញ្ជូនសព
– សេវាបង្ការសុខភាព ។
រហូតមកដល់ពេលនេះ ប.ស.ស បានចុះបញ្ជីមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន សរុបចំនួន ៣១៤ ០៧៦នាក់ (មន្ត្រីរាជការចំនួន ២០៤ ០៨៤នាក់ អតីតមន្ត្រីរាជការចំនួន ៥៥ ២២២នាក់ អតីតយុទ្ធជនចំនួន ៥៤ ៧៧០នាក់) និងមានមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនទៅទទួលសេវាថែទាំសុខភាពបានចំនួន ២២ ០០១ដង-នាក់។
ឯកឧត្តមប្រតិភូ បានបន្តថា ប.ស.ស នឹងបន្តពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងបន្តជម្រុញការអនុវត្ត ផ្នែកថែទាំសុខភាពទាំងសម្រាប់កម្មករនិយោជិត និងមន្ត្រីសាធារណៈ និងខិតខំរៀបចំដាក់ឱ្យដំណើរការផ្នែកប្រាក់សោធនសម្រាប់កម្មករ និយោជិត និងផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈនៅឆ្នាំ២០១៩ ខាងមុខនេះ។
នេះសបញ្ជាក់ពីការយកចិត្តទុកដាក់បំផុត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ មន្ត្រីសាធារណៈទាំងអស់ដែលជានិយោជិតរបស់រដ្ឋ។
ឯកឧត្តមប្រតិភូ លើកឡើងបែបនេះ ក្នុងពិធីប្រគល់-ទទួលប័ណ្ណ សមាជិក ប.ស.ស ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចំនួន ១០៦៨ប័ណ្ណ នៅសាលប្រជុំទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រោមអធិបតីភាព ឯកឧត្តម គឹម ទូច រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម ព្រមទាំងមានវត្តមានចូលរួម ពីថ្នាក់ដឹកនាំ មន្រ្តីតំណាងអង្គភាព ស្ថាប័ន ក្រោមឱវាទ សរុបប្រមាណជិត ១០០នាក់ នៅព្រឹកថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ៕