រាជធានីភ្នំពេញ៖ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស បានថ្លែងថា៖ សសរស្តម្ភពីរក្នុងក្របខណ្ឌ គោលនយោបាយជាតិគាំពារសង្គម ក្នុងនោះប្រព័ន្ធសន្តិសុខសង្គមបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សានូវសុខុមាលភាព របស់កម្មករនិយោជិត។
ការលើកឡើងពីសំណាក់ ឯកឧត្តមប្រតិភូ គឺធ្វើឡើងក្នុងពិធីប្រគល់-ទទួលប័ណ្ណសមាជិក ប.ស ស ចំនួន ២៦៦៨ប័ណ្ណ និងផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គមជូនដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួង ផែនការ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នំា២០១៨ ។
ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាលបានលើកឡើងទៀតថា៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម ឆ្នាំ២០១៦-២០២៥ ដើម្បីសម្រេចបាន “កំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងបរិយាប័ន្ន” ។
ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម គឺមានលក្ខណៈទូលំទូលាយ ដោយផ្តោតលើសសរស្តម្ភពីរគឺ ប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម។
១. ប្រព័ន្ធជំនួយសង្គម រួមមាន៖
– ការឆ្លើយតបទៅនឹងគ្រោះអាសន្ន
– ការអភិវឌ្ឍមូលធនមនុស្ស
– ការបណ្តុះបណ្តាលវិជ្ជាជីវៈ
– សុខុមាលភាពរបស់ប្រជាជនងាយរងគ្រោះ
២. ប្រព័ន្ធសន្តិសុខសង្គម រួមមាន៖
– ផ្នែកសោធន
– ការថែទាំសុខភាព
– ហានិភ័យការងារ
– និកម្មភាព
– ពិការភាព
សសរស្តម្ភពីរក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម មិនត្រិមតែរួមចំណែកជាឧបករណ៍បម្រើដល់ការកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ វិសមភាពសង្គម រួមចំណែកដល់ការអភិវឌ្ឍ និងជម្រុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព តែក្នុងនោះ ក៏បានបង្ហាញពីការរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសុខុមាលភាពកម្មករនិយោជិតផងដែរ ។
ឯកឧត្តមប្រតិភូ បានថ្លែងរំលឹកបន្តទៀតថា៖ តាមរយៈការអនុវត្តរបបសន្តិសុខសង្គម សម្រាប់វិស័យឯកជនប្រកបដោយជោគជ័យគួរជា ទីមោទនៈកន្លងមក ប.ស.ស ត្រូវបានរាជរដ្ឋាភិបាលផ្តល់ទំនុកចិត្ត និងបានប្រគល់ភារកិច្ចបន្ថែមជាប្រតិបត្តិករតែមួយគត់ក្នុងការគ្រប់គ្រង និងចាត់ចែងរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ សម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន មានបញ្ញត្តិនៅក្នុងព្រះរាជក្រឹត្យលេខ នស/រកត/០២១៧/០៧៨ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ។
នៅដើមឆ្នាំ២០១៨ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន បានដាក់ឱ្យដំណើរការ នូវសេវាតាវកាលិករួមមាន៖
– សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ
– សេវាបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះចំពោះករណីសង្គ្រោះបន្ទាន់
– សេវាបញ្ជូនសព និង សេវាបង្ការសុខភាព ។
គិតរហូតមកដល់ពេលនេះ មានមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ទៅទទួលសេវាសុខភាពបានចំនួន ២២០០១ ដង-នាក់ (ករណី)។
ទាក់ទងទៅនឹងប្រព័ន្ធសន្តិសុខសង្គម នៃគោលនយោបាយជាតិគាំពារសង្គម រហូតមកដល់ពេលនេះ ប.ស.ស បានផ្តល់តាវកាលិកផ្នែក ហានិភ័យការងារដល់ជនរងគ្រោះជាកម្មករនិយោជិតចំនួន ២១៤ ៣៧០នាក់ ក្នុងចំណោមកម្មករនិយោជិតជាសមាជិកចំនួន ១ ៤៨៧ ៤៩១នាក់ នៃរោងចក្រ សហគ្រាសចំនួន ១២ ៦៨៨សហគ្រាស។ ដោយឡែក សម្រាប់ផ្នែកថែទាំសុខភាព ប.ស.ស បានផ្តល់សេវាដល់ កម្មករនិយោជិត ចំនួន ១ ៨៥២ ០៤៦ ដង-នាក់ (ករណី) ក្នុងចំណោមកម្មករនិយោជិតប្រមាណជាង ១ ៥៩២៥៥៧នាក់ នៃរោងចក្រ សហគ្រាសចំនួនជាង ៨ ៥០៨ សហគ្រាស។
ប.ស.ស ក៏ត្រូវទទួលបន្ទុកលើការងារចុះបញ្ជីកម្មករនិយោជិតក្រៅប្រព័ន្ធ ដើម្បីទទួលបានសេវាមូលនិធិសមធម៌-សុខាភិបាល ដែលមកដល់បច្ចុប្បន្នបានចុះបញ្ជីសហគ្រាសចំនួន ២៣ ១៨៣សហគ្រាស និងកម្មករនិយោជិតចំនួន ១៣៧ ៨៤៥នាក់ និងទទួលរៀបចំ បើកប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា ដល់កម្មករនិយោជិតជាស្ត្រីទាំងក្នុង និងក្រៅប្រព័ន្ធ ក្រោយសម្រាលកូន ដែលគិត ត្រឹមថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មានកម្មករនិយោជិតជាស្ត្រីសម្រាលកូនសរុបចំនួន ៥៩ ១៧១នាក់ កូនចំនួន ៥៩ ៦១៣នាក់ និងចំណាយទឹកប្រាក់ចំនួន ២៣ ៨៤៥ ២០០ ០០០រៀល ៕