Mail |
  • ភាសាខ្មែរ
  • English
  • សសរស្តម្ភពីរក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ក្នុងនោះប្រពន្ធ័សន្តិសុខសង្គមបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សានូវសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត

    រាជធានីភ្នំពេញ៖  ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស បានថ្លែងថា៖ សសរស្តម្ភពីរក្នុងក្របខណ្ឌ គោលនយោបាយជាតិគាំពារសង្គម ក្នុងនោះប្រព័ន្ធសន្តិសុខសង្គមបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សានូវសុខុមាលភាព របស់កម្មករនិយោជិត។

    ការលើកឡើងពីសំណាក់ ឯកឧត្តមប្រតិភូ គឺធ្វើឡើងក្នុងពិធីប្រគល់-ទទួលប័ណ្ណសមាជិក ប.ស ស ចំនួន ២៦៦៨ប័ណ្ណ និងផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គមជូនដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួង ផែនការ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នំា២០១៨ ។

    ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាលបានលើកឡើងទៀតថា៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម ឆ្នាំ២០១៦-២០២៥ ដើម្បីសម្រេចបាន “កំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងបរិយាប័ន្ន” ។

    ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម គឺមានលក្ខណៈទូលំទូលាយ ដោយផ្តោតលើសសរស្តម្ភពីរគឺ ប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម។

    ១. ប្រព័ន្ធជំនួយសង្គម រួមមាន៖

    – ការឆ្លើយតបទៅនឹងគ្រោះអាសន្ន

    – ការអភិវឌ្ឍមូលធនមនុស្ស

    – ការបណ្តុះបណ្តាលវិជ្ជាជីវៈ

    – សុខុមាលភាពរបស់ប្រជាជនងាយរងគ្រោះ

    ២. ប្រព័ន្ធសន្តិសុខសង្គម រួមមាន៖

    – ផ្នែកសោធន

    – ការថែទាំសុខភាព

    – ហានិភ័យការងារ

    – និកម្មភាព

    – ពិការភាព

    សសរស្តម្ភពីរក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម មិនត្រិមតែរួមចំណែកជាឧបករណ៍បម្រើដល់ការកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ វិសមភាពសង្គម រួមចំណែកដល់ការអភិវឌ្ឍ និងជម្រុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព តែក្នុងនោះ ក៏បានបង្ហាញពីការរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសុខុមាលភាពកម្មករនិយោជិតផងដែរ ។

    ឯកឧត្តមប្រតិភូ បានថ្លែងរំលឹកបន្តទៀតថា៖ តាមរយៈការអនុវត្តរបបសន្តិសុខសង្គម សម្រាប់វិស័យឯកជនប្រកបដោយជោគជ័យគួរជា ទីមោទនៈកន្លងមក ប.ស.ស ត្រូវបានរាជរដ្ឋាភិបាលផ្តល់ទំនុកចិត្ត និងបានប្រគល់ភារកិច្ចបន្ថែមជាប្រតិបត្តិករតែមួយគត់ក្នុងការគ្រប់គ្រង និងចាត់ចែងរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ សម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន មានបញ្ញត្តិនៅក្នុងព្រះរាជក្រឹត្យលេខ នស/រកត/០២១៧/០៧៨ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ។

    នៅដើមឆ្នាំ២០១៨ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន បានដាក់ឱ្យដំណើរការ នូវសេវាតាវកាលិករួមមាន៖

    – សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ

    – សេវាបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះចំពោះករណីសង្គ្រោះបន្ទាន់

    – សេវាបញ្ជូនសព និង សេវាបង្ការសុខភាព ។

    គិតរហូតមកដល់ពេលនេះ មានមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ទៅទទួលសេវាសុខភាពបានចំនួន ២២០០១ ដង-នាក់ (ករណី)។

    ទាក់ទងទៅនឹងប្រព័ន្ធសន្តិសុខសង្គម នៃគោលនយោបាយជាតិគាំពារសង្គម រហូតមកដល់ពេលនេះ ប.ស.ស បានផ្តល់តាវកាលិកផ្នែក ហានិភ័យការងារដល់ជនរងគ្រោះជាកម្មករនិយោជិតចំនួន ២១៤ ៣៧០នាក់ ក្នុងចំណោមកម្មករនិយោជិតជាសមាជិកចំនួន ១ ៤៨៧ ៤៩១នាក់ នៃរោងចក្រ សហគ្រាសចំនួន   ១២ ៦៨៨សហគ្រាស។ ដោយឡែក សម្រាប់ផ្នែកថែទាំសុខភាព ប.ស.ស បានផ្តល់សេវាដល់ កម្មករនិយោជិត ចំនួន ១ ៨៥២ ០៤៦ ដង-នាក់ (ករណី) ក្នុងចំណោមកម្មករនិយោជិតប្រមាណជាង ១ ៥៩២៥៥៧នាក់ នៃរោងចក្រ សហគ្រាសចំនួនជាង ៨ ៥០៨ សហគ្រាស។

    ប.ស.ស ក៏ត្រូវទទួលបន្ទុកលើការងារចុះបញ្ជីកម្មករនិយោជិតក្រៅប្រព័ន្ធ ដើម្បីទទួលបានសេវាមូលនិធិសមធម៌-សុខាភិបាល ដែលមកដល់បច្ចុប្បន្នបានចុះបញ្ជីសហគ្រាសចំនួន ២៣ ១៨៣សហគ្រាស និងកម្មករនិយោជិតចំនួន ១៣៧ ៨៤៥នាក់ និងទទួលរៀបចំ បើកប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា ដល់កម្មករនិយោជិតជាស្ត្រីទាំងក្នុង និងក្រៅប្រព័ន្ធ ក្រោយសម្រាលកូន ដែលគិត ត្រឹមថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មានកម្មករនិយោជិតជាស្ត្រីសម្រាលកូនសរុបចំនួន ៥៩ ១៧១នាក់ កូនចំនួន ៥៩ ៦១៣នាក់ និងចំណាយទឹកប្រាក់ចំនួន ២៣ ៨៤៥ ២០០ ០០០រៀល ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.