Mail |
  • ភាសាខ្មែរ
  • English
  • ទឹកប្រាក់របស់រាជរដ្ឋាភិបាល ប្រមាណជាង ២៣ ពាន់លានរៀល ត្រូវបានបើកផ្តល់ជូនកម្មការិនីសម្រាលកូន តាមរយៈ ប.ស.ស

    រាជធានីភ្នំពេញ៖ គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់ត្រឹមថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ នេះ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សរុបប្រមាណជាង ២៣ពាន់លានរៀល ដល់កម្មការិនីជាសមាជិក ប.ស.ស សម្រាលកូនចំនួន ៥៨ ៦៩៨នាក់ ដែលមានចំនួនកូនសរុបចំនួន ៥៩ ១៣៥នាក់ (ស្រ្តីសម្រាលបានកូនភ្លោះពីរមានចំនួន ៤២៨នាក់ និងកូនភ្លោះបី មានចំនួន ០៥នាក់) ។

    ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស ធ្លាប់បានបញ្ជាក់ថា៖ នេះជាការយកចិត្តទុកដាក់ខ្ពស់បំផុត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជាសេនាធិការ ។

    គួររំលឹកផងដែរថា គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ កន្លងមក គ្រប់កម្មការិនី សម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់នឹងទទួល បានគោលរបបប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ដែលក្នុងនោះ ៖

    – សម្រាលបានកូនមួយ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤០ម៉ឺនរៀល

    – សម្រាលបានកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល

    – សម្រាលបានកូនភ្លោះបី ទទួលបានប្រាក់ឧបត្ថម្ភ ១២០ម៉ឺនរៀល ហើយអ្វីដែលគួរឱ្យត្រេកអរបំផុត កូនភ្លោះទាំងបីជាកូនរបស់សម្តេចតេជោ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភបន្ថែម ចំនួន ៥លានរៀល ។

    ការផ្តល់ជូនកាដូពិសេសនេះ គឺដើម្បីឆ្លើយតបទៅនឹងជីវភាពរបស់បងប្អូនកម្មករនិយោជិត ដែលខ្វះខាតក្នុងអំឡុងពេលសម្រាលកូន និងជាគោលនយោបាយជាតិគាំពារសង្គម ក្នុងការលើកកម្ពស់សេវាគាំពារសង្គម និងការលើកកម្ពស់កំណើនប្រជាជនកម្ពុជា ព្រមទាំងរួមចំណែកក្នុងការដោះស្រាយនូវទុក្ខលំបាករបស់បងប្អូនកម្មករនិយោជិត។

    គួររំលឹកផងដែរថា ដើម្បីទទួលបានគោលរបបប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល កម្មការិនីទាំងក្នុង និងក្រៅប្រ័ពន្ធទាំងអស់ នៅពេលសម្រាល ត្រូវអនុវត្តតាមសេចក្តីណែនាំដូចខាងក្រោម៖

    ទី១. កម្មករនិយោជិតជាស្រ្តី ត្រូវអញ្ជើញមកបំពេញបែបបទនៅទីស្នាក់ការ ប.ស.ស ទូទាំងរាជធានី ខេត្ត ក្នុងកំលុងពេលយ៉ាងយូរ ៣ខែ មុនពេលសម្រាលកូន។

    ទី២. សាមីខ្លួនត្រូវភ្ជាប់មកជាមួយនូវ លិខិតពិនិត្យផ្ទៃពោះ ដែលបានបញ្ជាក់កាលបរិច្ឆេទត្រូវសម្រាល (អេកូ) បណ្ណសមាជិក ប.ស.ស ឬបណ្ណមូលនិធិសមធម៌សុខាភិបាល អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទច្បាស់លាស់របស់សាមីខ្លួន ដែលអាចទំនាក់ទំនងបាន។

    ទី៣. ករណីសាមីខ្លួនមិនបានមកបំពេញបែបបទនៅ ប.ស.ស ក្នុងកំលុងពេលខាងលើ សាមីជន ឬអ្នកតំណាង ត្រូវជូនដំណឹងជាបន្ទាន់មកកាន់ ប.ស.ស យ៉ាងយូរបំផុត ១(មួយ)ខែ ក្រោយថ្ងៃសម្រាលកូន។

    ទី៤. សាមីខ្លួន ឬសាច់ញ្ញាតិត្រូវជូនដំណឹងមក ប.ស.ស តាមរយៈលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលដែលសម្រាកក្នុងមូលដ្ឋានសុខាភិបាល (មន្ទីរពេទ្យ) ដែលគ្មានភ្នាក់ងារ ប.ស.ស នៅប្រចាំការ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.