រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិរបបសន្តិសុខសង្គម បានចុះចែកបណ្ណបើកបរជូនដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត ដែលបានប្រឡងជាប់ជាស្ថាពរ ប្រភេទឃ.២ ចំនួន ១០៣នាក់ នៅរោងចក្រ MOHA GARMENT CO., LTD ស្ថិតនៅក្នងតំបន់សួនវឌ្ឍនៈ២ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក ចាយ សំណាង អនុប្រធានការិយាល័យគោលនយោបាយ តំណាងឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក បេឡាជាតិរបបសន្តិសុខសង្គម និងជាប្រធានក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត ព្រមទាំងមាន ការអញ្ជើញចូលរួមពី ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា និងអ្នកបើកបរយានយន្ដ ដឹកកម្មករនិយោជិត សរុបប្រមាណជាង ១០០នាក់។
លោក ចាយ សំណាង មានប្រសាសន៍ថា ពិធីនេះប្រព្រឹត្តទៅក្នុងគោលបំណង ចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក របស់បងប្អូនកម្មករនិយោជិត តាមរយៈការ បណ្តុះបណ្តាលច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត ដែលបានចូលរួម ខិតខំសិក្សារហូតទទួលបានលទ្ធផលជោគជ័យ គួរជាទីមោទនភាព ជាពិសេសគឺដើម្បីឱ្យអ្នកបើកបរយានយន្តដឹកកម្មករ បានយល់ដឹងបន្ថែមពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក អំពីការដឹកកម្មករនិយោជិតប្រកបដោយសុវត្ថិភាពទាំងទៅទាំងមក ការហាមជែង ការបន្ថយល្បឿន ការគោរពសិទ្ធិអាទិភាព និងផ្តល់ភាពងាយស្រួល ដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត ព្រមទាំងឱ្យពួកគាត់ ត្រៀមប្រឡងផ្តល់បណ្ណបើកបរជូនអ្នកបើកបរដែលមិនមានបណ្ណបើកបរ ឬមានបណ្ណបើកបរមិនត្រឹមត្រូវស្របតាមប្រភេទយានយន្ត ដោយជម្រុញឱ្យមានការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានត្រឹមត្រូវក្នុងន័យរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅ កម្រិតទាប។
លោកបានបន្ថែមថា៖ តាមរយៈកិច្ចសហការចុះ បណ្ដុះបណ្ដាលប្រឡងផ្ដល់ បណ្ណបើកបរកន្លងមក ឃើញថាអត្រា អ្នកបើកបរយានយន្ដ ដឹកកម្មករនិយោជិត ដែលគ្មានបណ្ណបើកបរ មានការថយចុះជាខ្លាំង បើយោងតាមរបាយការណ៍ ឆមាសទី១ ឆ្នាំ២០១៨ របស់ក្រុមការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត មានអ្នកបើកបរចំនួន ៤ ៣៦៩នាក់ ក្នុងនោះមានបណ្ណ បើកបរចំនួន ៣ ៥៩១នាក់ ស្មើនឹង ៨២% និងគ្មានបណ្ណបើកបរចំនួន ៧៧៨នាក់ ស្មើនឹង ១៨%។ ម្យ៉ាងវិញទៀត យើងឃើញថា ករណីគ្រោះថ្នាក់ ចរាចរណ៍ទៅលើបងប្អូន កម្មករនិយោជិត ក៏មានការថយចុះ គួរឱ្យកត់សម្គាល់ផងដែរ បើយើងប្រៀបធៀប ទិន្នន័យគ្រោះថ្នាក់ កាលពីឆមាសទី១ ឆ្នាំ២០១៧ ជាមួយនឹងឆមាសទី១ ឆ្នាំ២០១៨៕