Mail |
  • ភាសាខ្មែរ
  • English
  • បេឡាជាតិរបបសន្តិសុខសង្គម ចែកបណ្ណសមាជិករបស់ខ្លួន ចំនួន ៨៥២បណ្ណ ដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងនិវត្តជន នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

    ភ្នំពេញ៖  បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំពិធីចែកណ្ណសមាជិក ប.ស.ស ចំនួន ៨៥២បណ្ណ ជូនដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងនិវត្តជន នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីឱ្យពួកគាត់ទទួលបានសេវាថែទាំសុខភាពនៅមូលដ្ឋានសុខាភិបាលដែលចុះកិច្ច ព្រមព្រៀងជាមួយ ប.ស.ស ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨  ស្ថិតនៅក្នុងសាលប្រជុំ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ។

    ពិធីចែកបណ្ណខាងលើនេះ  ប្រព្រឹត្តទៅក្រោមអធិបតីភាព  ឯកឧត្តម  អ៊ុំ សារឹទ្ធ  អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាង ក្រសួង ស្ថាប័ន និងអង្គភាព ពាក់ព័ន្ធនានា សរុបប្រមាណជា ១៤៨នាក់ ។

    ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស បានថ្លែងបញ្ជាក់ថា បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេសរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថិតនៅក្រោមអាណាព្យាបាល ហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧ និងបានចាប់ផ្តើមដំណើរការចុងឆ្នាំ២០០៨។

    តាមរយៈការអនុវត្តរបបសន្តិសុខសង្គមសម្រាប់វិស័យឯកជនប្រកបដោយជោគជ័យគួរជាទីមោទនៈកន្លងមក ប.ស.ស ត្រូវបានរាជរដ្ឋាភិបាលផ្តល់ទំនុកចិត្ត និងបានប្រគល់ភារកិច្ចបន្ថែមជាប្រតិបត្តិករតែមួយគត់ក្នុងការគ្រប់គ្រងនិងចាត់ចែងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់ មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន មានបញ្ញត្តិនៅក្នុងព្រះរាជក្រឹត្យលេខ នស/រកត/០២១៧/០៧៨ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ។

    នេះសបញ្ជាក់អំពីការយកចិត្តទុកដាក់បំផុត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ មន្ត្រីសាធារណៈទាំងអស់ដែលជានិយោជិតរបស់រដ្ឋ។

    នៅដើមឆ្នាំ២០១៨ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន បានដាក់ឱ្យដំណើការ នូវសេវាតាវកាលិករួមមាន៖

    – សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ

    – សេវាបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះចំពោះករណីសង្គ្រោះបន្ទាន់

    – សេវាបញ្ជូនសព និង សេវាបង្ការសុខភាព ។

    គិតរហូតមកដល់ពេលនេះ មានមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ទៅទទួលសេវាសុខភាពបានចំនួន ១៨ ៣២៥ ដង-នាក់ (ករណី)។

    ឯកឧត្តមប្រតិភូ បានថ្លែងបញ្ជាក់បន្ថែមថា គិតមកដល់បច្ចុប្បន្ននេះ ប.ស.ស បានផ្តល់តាវកាលិកផ្នែកហានិភ័យការងារ ដល់ជនរងគ្រោះជាកម្មករនិយោជិត សរុបចំនួន ២១៣ ០២៥នាក់ ក្នុងចំណោមកម្មករនិយោជិតជាសមាជិក ចំនួន ១ ៤៨០ ៩៣២ នាក់ នៃរោងចក្រ សហគ្រាស ចំនួន ១២ ៥៨៨សហគ្រាស។ ដោយឡែក សម្រាប់ផ្នែកថែទាំសុខភាព បានផ្តល់សេវាដល់កម្មករនិយោជិតប្រមាណជាង ១ ៥៩០ ៥៨២ ដង-នាក់ (ករណី) ក្នុងចំណោមកម្មករនិយោជិតប្រមាណជាង ១ ៨០៩ ០៥០នាក់ នៃរោងចក្រ សហគ្រាស ចំនួនជាង ៨ ២៦៩ ។ ក្រៅពីការងារខាងលើ ប.ស.ស ក៏ត្រូវទទួលបន្ទុកលើការងារចុះបញ្ជីកម្មករនិយោជិតក្រៅប្រព័ន្ធ ដើម្បីទទួលបានសេវាមូលនិធិសមធម៌សុខាភិបាល ដែលមកដល់ពេលនេះ បានចុះបញ្ជីសហគ្រាសចំនួន ២៣ ២៩៣សហគ្រាស និងកម្មករនិយោជិតចំនួន ១៣៨ ០១៤នាក់ និងទទួលរៀបចំបើកប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលដល់កម្មករនិយោជិតជាស្ត្រីទាំងក្នុង និងក្រៅប្រព័ន្ធ ក្រោយសម្រាលកូន ដែលគិតត្រឹមថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មានកម្មករនិយោជិតជាស្ត្រីសម្រាលកូនចំនួន ៥២ ៣៩១នាក់ កូនចំនួន ៥២ ៧៧៧នាក់ ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.