Mail |
  • ភាសាខ្មែរ
  • English
  • ពិធីចែកបណ្ណបើកបរជូនដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត នៅ ខេត្តព្រះសីហនុ

    ព្រះសីហនុ៖ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត នៃ បេឡាជាតិរបបសន្តិសុខសង្គម បានសហការជាមួយវិទ្យាស្ថានពហុកបច្ចេកទេស កម្ពុជា-ចិន ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសុក្រ ២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨  បានរៀបចំពិធីចែកបណ្ណបើកបរជូនដល់អ្នកបើកបរយានយន្ដដឹកកម្មករនិយោជិតចំនួន ៦៧នាក់ ដែលបានប្រឡងជាប់ជាស្ថាពរកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ។

    ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក យ៉ាម យុទ្ធា សមាជិកក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត តំណាងឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត ព្រមទាំងមានការអញ្ជើញចូលរួមពី ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា និងអ្នកបើកបរយានយន្ដដឹកកម្មករនិយោជិត សរុបប្រមាណជាង ១០០នាក់។

    លោក យ៉ាម យុទ្ធា បានមានប្រសាសន៍ថា ពិធីនេះប្រព្រឹតទៅក្នុងគោលបំណងចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់បងប្អូន កម្មករនិយោជិត តាមរយៈការបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត ដែលបានចូលរួមខិតខំសិក្សា រហូតទទួលបាន លទ្ធផលជោគជ័យគួរជាទីមោទកភាព។

    លោកបានបន្ថែមថា៖ តាមរយៈកិច្ចសហការចុះបណ្ដុះបណ្ដាលប្រឡងផ្ដល់ បណ្ណបើកបរ ទាំងពីរលើកនេះ ឃើញថាអត្រាអ្នកបើកបរយានយន្ដដឹកកម្មករនិយោជិត ដែលគ្មានបណ្ណបើកបរមានការថយចុះជាខ្លាំង បើយោងតាមរបាយការណ៍ឆមាសទី១ ឆ្នាំ២០១៨ របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត មានអ្នកបើកបរចំនួន ៤ ៣៦៩នាក់ ក្នុងនោះមានបណ្ណបើកបរចំនួន ៣ ៥៩១នាក់ ស្មើនឹង ៨២% និងគ្មានបណ្ណបើកបរចំនួន ៧៧៨នាក់ ស្មើនឹង ១៨%។ ម្យ៉ាងវិញទៀតយើងឃើញថា ករណីគ្រោះថ្នាក់ ចរាចរណ៍ទៅលើបងប្អូនកម្មករនិយោជិត ក៏មានការថយចុះគួរឱ្យកត់សម្គាល់ផងដែរ បើយើងប្រៀបធៀបទិន្នន័យគ្រោះថ្នាក់កាលពីឆមាសទី១ ឆ្នាំ២០១៧ ជាមួយនឹងឆមាសទី១ ឆ្នាំ២០១៨៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.