តាកែវ៖ នៅព្រឹកថ្ងៃអង្គារ ០១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិរបបសន្តិសុខសង្គម បានចុះផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត នៅរោងចក្រ WINMAG SHOES MANUFACTURING CO.,LTD ដែលមានសមាសភាពចូលរួមចំនួន ៥៥នាក់ ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីស្វែងយល់ពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបន្ថែមទៀត។
ពិធីប្រជុំផ្សព្វផ្សាយនេះមានគោលបំណង ដើម្បីឱ្យអ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត បានយល់ដឹងបន្ថែមពីច្បាប់ចរាចរណ៍ផ្លូវគោក និងផ្តល់ភាពងាយស្រួលដល់ អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត ដែលមិនមានបណ្ណបើកបរ ត្រៀមប្រឡងយកបណ្ណបើកបរ ឬមានបណ្ណបើកបរ តែមិនត្រឹមត្រូវស្របតាមយានយន្ត និងជម្រុញឱ្យមានការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានត្រឹមត្រូវ ក្នុងន័យរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យ មកនៅកម្រិតទាប៕