មណ្ឌលគិរី៖ កាលពីថ្ងៃអង្គារ ០១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមការងារ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តមណ្ឌលគិរី បានចុះសម្របសម្រួល និងរៀបចំលិខិតស្នើសុំប្រាក់ឧបត្ថម្ភបន្ថែមរបស់ រាជរដ្ឋាភិបាល ជូនដល់ស្ត្រីសម្រាលកូន ចំនួន ៣នាក់ រួមមាន៖
ទី១- ឈ្មោះ ឡិប សារហាស់ បម្រើការងារនៅក្រុមហ៊ុន កូវីផាម៉ា ខូលីមីធី នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី
ទី២- ឈ្មោះ ថាំង អាន់ បម្រើការងារនៅក្រុមហ៊ុន ដាក់ឡាក់ មណ្ឌលគិរី អភិវឌ្ឍន៍កៅស៊ូ នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី
ទី៣- ឈ្នោះ ឃុន សុខគា (សម្រាលដោយវះកាត់ ) បម្រើការងារនៅក្រុមហ៊ុន សុកហ្វីន ខេស៊ីឌី នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
សម្រាប់កម្មការិនីទាំងក្នុង និងក្រៅប្រព័ន្ធ ជាសមាជិក ប.ស.ស បន្ទាប់ពីសម្រាលកូន ត្រូវដំណឹងមក ប.ស.ស ដើម្បីទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ដោយសម្រាលបានកូន ១នាក់ ទទួលបានថវិកា ចំនួន ៤០០ ០០០រៀល សម្រាលបានកូនភ្លោះ ២នាក់ ទទួលបាន ៨០០ ០០០រៀល និងសម្រាលបានកូនភ្លោះ ៣នាក់ ទទួលបាន ១ ២០០ ០០០រៀល។ ជាងនេះទៅទៀត កូនភ្លោះ ៣នាក់ នឹងក្លាយជាកូនរបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមផ្សេងទៀត ចំនួន ៥លានរៀលផងដែរ។
ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភនេះកាន់តែលឿន ទាន់ពេលវេលា និងមានប្រសិទ្ធភាព ជូនដល់សាមី កម្មការិនីដែលមានផ្ទៃពោះត្រូវអនុវត្តតាមការណែនាំដូចខាងក្រោម៖
ទី១. កម្មករនិយោជិតជាស្រ្តី ត្រូវអញ្ជើញមកបំពេញបែបបទនៅទីស្នាក់ការ ប.ស.ស ក្នុងរាជធានី/ខេត្ត ក្នុងកំលុងពេលយ៉ាងយូរ ៣ខែ មុនសម្រាលកូន។
ទី២. សាមីខ្លួនត្រូវភ្ជាប់មកជាមួយនូវ លិខិតពិនិត្យផ្ទៃពោះដែលបានបញ្ជាក់កាលបរិច្ឆេទត្រូវសម្រាល(អេកូ) បណ្ណសមាជិក ប.ស.ស ឬបណ្ណមូលនិធិសមធម៌សុខាភិបាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទច្បាស់លាស់របស់សាមីខ្លួន ដែលអាចទំនាក់ទំនងបាន។
ទី៣. ករណីសាមីខ្លួនមិនបានមកបំពេញបែបបទនៅ ប.ស.ស ក្នុងកំលុងពេលខាងលើ សាមីជន ឬអ្នកតំណាង ត្រូវជូនដំណឹងជាបន្ទាន់មកកាន់ ប.ស.ស យ៉ាងយូរបំផុត ១(មួយ)ខែ ក្រោយថ្ងៃសម្រាលកូន។
ទី៤. សាមីខ្លួន ឬសាច់ញ្ញាតិត្រូវជូនដំណឹងមក ប.ស.ស តាមលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលដែលសម្រាកក្នុងមូលដ្ឋានសុខាភិបាល (មន្ទីរពេទ្យ) ដែលគ្មានភ្នាក់ងារ ប.ស.ស៕