ភ្នំពេញ ៖ មន្ត្រី រួមទាំងក្រុមការងារ នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខា ខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ បានចុះធ្វើអធិការកិច្ច នៃការចុះបញ្ជិកានៅរោងចក្រ Doublju (Cambodia) Co.,Ltd និងបានចុះពិនិត្យស្ថានភាពអាជីវកម្មជាក់ស្តៃងនៅសាលារៀនហ្រ្គេតប្រីតថេន ដែលមានទីតាំងស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ការចុះធ្វើអធិការកិច្ចខាងលើនេះ គឺដើម្បីឱ្យម្ចាស់សហគ្រាស គ្រឹះស្ថាន បានយល់អំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម និងការមកចុះបញ្ជិកាជាមួយ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឱ្យកម្មករនិយោជិតទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន មានសិទ្ធិទទួលបានរបបសន្តិសុខសង្គម ដែលបេឡាជាតិរបបសន្តិសុខសង្គមផ្តល់ជូនរួមមាន៖
១. ផ្នែកហានិភ័យការងារ
២. ផ្នែកថែទាំសុខភាព និង
៣. ផ្នែកប្រាក់សោធន ដែលរបបសន្តិសុខសង្គមមួយនេះ នឹងដាក់ឱ្យអនុវត្តក្នុងឆ្នាំ ២០១៩ ខាងមុខនេះ។
បន្ទាប់ពីម្ចាស់សហគ្រាស គ្រឹះស្ថាន បានចុះបញ្ជិកាជាមួយ ប.ស.ស រួច កម្មករនិយោជិតទាំងអស់នឹងក្លាយជាសមាជិក ប.ស.ស ដោយពួកគាត់នឹងទទួលបានការប្រើប្រាស់សេវាពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីពេទ្យ ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស (មន្ទីរពេទ្យដែលជាដៃគូជាមួយ ប.ស.ស) ដោយឥតបង់ថ្លៃ និងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត៕