កំពង់ចាម៖ នៅថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមការងារនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តកំពង់ចាម បានចុះកំណត់អត្តសញ្ញាណកម្មករនិយោជិតចំនួន ៤០០នាក់ ដែលកំពុងបម្រើការងារនៅក្រុមហ៊ុន LONG SRENGINTERNATIONALCO,.LTD មានអាសយដ្ឋានស្ថិតនៅ ភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ការចុះកំណត់អត្តសញ្ញាណកម្មករនិយោជិតខាងលើនេះ គឺដើម្បីឱ្យកម្មករនិយោជិកទាំងអស់មានបណ្ណសមាជិក ប.ស.ស (កាត ប.ស.ស) ដើម្បីឱ្យពួកគាត់មានសិទ្ធិទៅទទួលការសេវាពិនិត្យ និងព្យាបាលជំងឺនៅគ្រប់មន្ទីរពេទ្យទាំងអស់ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស (មន្ទីរពេទ្យដៃគូ) ដោយមិនបង់ថ្លៃ ព្រមទាំងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត៕