ស្វាយរៀង៖ កាលពីថ្ងៃព្រហស្បតិ៍ ៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តស្វាយរៀង បានចុះសួរសុខទុក្ខ និងបានសម្របសម្រួលរៀបចំលិខិតស្នើសុំប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល និងឯកសារស្នើសុំប្រាក់លំហែមាតុភាពជូនដល់កម្មការិនីដែលបានសម្រាលកូន ០១នាក់ ឈ្មោះ ដែក សាវឿន បម្រើការងារនៅសហគ្រាស ឃីងម៉េកឃើ ស្ថិតនៅក្នុងភូមិវាលល្ងើត ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ដើម្បីឱ្យទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ៤០០ ០០០រៀល ក្នុងម្នាក់ៗនិងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតដែលបេឡាជាតិរបបសន្តិសុខសង្គមបានផ្តល់ជូន។
ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភនេះកាន់តែលឿន ទាន់ពេលវេលា និងមានប្រសិទ្ធភាព ជូនដល់សាមីខ្លួន ក្នុងការទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល គឺត្រូវអនុវត្តតាមការណែនាំដូចខាងក្រោម៖
ទី១. កម្មករនិយោជិតជាស្រ្តី ត្រូវអញ្ជើញមកបំពេញបែបបទនៅទីស្នាក់ការ ប.ស.ស ក្នុងរាជធានី/ខេត្ត ក្នុងកំលុងពេលយ៉ាងយូរ ៣ខែ មុនសម្រាលកូន។
ទី២. សាមីខ្លួនត្រូវភ្ជាប់មកជាមួយនូវ លិខិតពិនិត្យផ្ទៃពោះដែលបានបញ្ជាក់កាលបរិច្ឆេទត្រូវសម្រាល(អេកូ) បណ្ណសមាជិក ប.ស.ស ឬប័ណ្ណមូលនិធិសមធម៌សុខាភិបាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទច្បាស់លាស់របស់សាមីខ្លួន ដែលអាចទំនាក់ទំនងបាន។
ទី៣. ករណីសាមីខ្លួនមិនបានមកបំពេញបែបបទនៅ ប.ស.ស ក្នុងកំឡុងពេលខាងលើ សាមីជន ឬអ្នកតំណាង ត្រូវជូនដំណឹងជាបន្ទាន់មកកាន់ ប.ស.ស យ៉ាងយូរបំផុត ១(មួយ)ខែ ក្រោយថ្ងៃសម្រាលកូន។
ទី៤. សាមីខ្លួន ឬសាច់ញ្ញាតិត្រូវជូនដំណឹងមក ប.ស.ស តាមលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលដែលសម្រាកក្នុងមូលដ្ឋានសុខាភិបាល (មន្ទីរពេទ្យ) ដែលគ្មានភ្នាក់ងារ ប.ស.ស៕