ភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីចុះអនុស្សារណៈយោគយល់ស្តីពីភាពជាដៃគូរ រវាងសាជីវកម្មធានារ៉ាប់រងសុខភាព ហ្វីលីពីន (Phil-Health) ក្នុងទិសដៅពង្រឹងសមត្ថភាពនៃការអនុវត្តរបបសន្តិសុខសង្គមឲ្យមានលក្ខណៈសមស្របតាមបទដ្ឋាន បច្ចេកទេស ទាំងលក្ខណៈតំបន់ និងអន្តរជាតិ។
ពិធីនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃចន្ទ ០១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារសាន់វ៉េ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកមិញនេះ។
ដោយមានការអញ្ជើញជាសាក្ខីភាពក្នុងពិធី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដំណើរដោយ ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម សេង សក្តា ប្រធានក្រុមប្រឹក្សាភិបាលនៃ ប.ស.ស រួមជាមួយថ្នាក់ដឹកនាំ តំណាងអង្គការ GIZ និងថ្នាក់ដឹកនាំអង្គភាព ស្ថានប័ន សរុបប្រមាណជាង ៨០នាក់។
អង្គភាព បេឡាជាតិរបបសន្តិសុខសង្គម ដឹកនាំដោយ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស បានចុះអនុស្សរណៈជាមួយអង្គភាពធានារ៉ាប់រងសុខភាព ហ្វីលីពីន ដោយ ឯកឧត្តម Dr.ROBERT M.SALVADOR សមាជិកក្រុមប្រឹក្សាភិបាល តំណាងលោក Dr. Roy B. Ferrer ប្រធានស្តីទីរបស់អង្គភាពធានារ៉ាប់រងសុខភាពហ្វីលីពីន។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានថ្លែងទៅកាន់អង្គពិធីថា អ្វីជាគោលបំណងនៃការចុះអនុស្សរណៈយោគយល់គ្នានៅពេលនេះ គឺជាផ្តល់ឱកាសឱ្យអង្គភាពទាំងពីរស្វែងយល់ពីទស្សនៈផ្សេងៗ ដូចជាការដកស្រង់ និងចែករំលែកនូវបទពិសោធន៍ លើបញ្ហាដែលពាក់ព័ន្ធ ឱ្យគ្នាទៅវិញទៅមក។
ឯកឧត្តមបណ្ឌិត បានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដោយសំដៅលើកិច្ចគាំពារសង្គម ក្នុងនោះផ្តោតសំខាន់ទៅលើវិស័យសន្តិសុខសង្គម ដែលមានផ្នែកថែទាំសុខភាពជាចំបង ហើយកាតព្វកិច្ចនេះ តម្រូវឱ្យអង្គភាពបេឡាជាតិរបបសន្តិសុខសង្គម ជាអ្នកប្រតិបត្តិផ្ទាល់ទៅលើផ្នែកធំៗបីគឺ៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន សម្រាប់កម្មករនិយោជិតដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ និងមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន។
បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មាននិយោជក និងកម្មនិយោជិត មកពីប្រទេសហ្វីលីពីនបានបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថាន ចំនួន ៤២២សហគ្រាស ស្មើនឹង ២ ៤៧៧នាក់។
Dr. ROBERT M.SALVADOR បានឱ្យដឹងថា អង្គភាព Phil-Health បានបង្កើតឡើងនៅឆ្នាំ១៩៩៥ ជាអង្គភាពមួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលហ្វីលីពីន និងបានគ្របដណ្តប់ផ្នែកសុខភាព ជាសកលទូទាំងប្រទេសខ្លួនផងដែរ។
Phil-Health បច្ចុប្បន្នបានផ្តល់នូវសេវាថែទាំសុខភាពបានទូលំទូលាយ ដល់ប្រជាជនហ្វីលីពីនទាំងអស់ តាមរយៈកម្មវិធីធានារ៉ាប់រងសុខភាព ជាពិសេសជនងាយរងគ្រោះ អ្នកជម្ងឺ ជនចាស់ជរា ជនពិការ ស្ត្រី និងកុមារ ព្រមទាំងផ្តល់នូវសេវាថែទាំសុខភាពដោយឥតគិតថ្លៃដល់ទុគ៌តជន។
ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម បានបញ្ជាក់ថា៖ ការចុះអនុស្សរណៈយោគយល់គ្នានេះដែរ ធ្វើឡើងក្នុងគោលដៅជាក់លាក់ ចំនួន ៣ធំៗ គឺ៖
១ បង្កើតទំនាក់ទំនងវិជ្ជាជីវៈរវាង បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និង Phil-Health
២ ចែករំលែកចំណេះដឹងប្រតិបត្តិការពាក់ព័ន្ធ រួមមានជំនាញ និងប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុ និងបច្ចេកទេស
៣ ដើម្បីជួយសម្រួលដល់ដំណើរការសិក្សារៀនសូត្រដែល ប.ស.ស អាចធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធិភាព និងប្រសិទ្ធិផលតាមរយៈឧទាហរណ៍ពិតប្រាកដ និងបទពិសោធន៍ជាក់ស្តែងដែលផ្តល់ផ្ទាល់ដោយដៃគូររបស់ខ្លួន។
ឯកឧត្តមប្រតិភូបានបន្ថែមថា ៖ ប.ស.ស បានចាប់ដំណើរការនាឆ្នាំ២០០៨ មក ដែលបានអនុវត្តតែរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារតែប៉ុណ្ណោះ។
ចាប់ពីខែកញ្ញា ឆ្នាំ២០១៦ មក ប.ស.ស បានចាប់ផ្តើមអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព សម្រាប់បងប្អូនកម្មករនិយោជិតដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ។
ចាប់ពីខែមករា ឆ្នាំ២០១៨ មកយើងបានដាក់ឱ្យដំណើរការបន្ថែមនូវផ្នែកថែទាំសុខភាព សំរាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន រួមទាំងកម្មករនិយោជិតក្រៅប្រព័ន្ធថែមទៀត។
ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ យើងបានបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សម្រាប់កម្មករនិយោជិតជាស្ត្រីនៅពេលសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធ ដែលគិតមកដល់ខែសីហានេះ មានស្ត្រីសម្រាលកូន ចំនួន ៣៨ ៩៩៧នាក់ មានកូនសរុបចំនួន ៣៩ ២៩២នាក់ ដែលមានទឹកប្រាក់សរុប ចំនួន ១៥.៧២ ប៊ីលានរៀល។
មកដល់ពេលនេះ ផ្នែកថែទាំសុខភាព មានសមាជិកប្រមាណជាង ១លាន ៨សែននាក់ ក្នុងនោះកម្មករនិយោជិត ១លាន ៥សែននាក់ និងមន្ត្រីសាធារណៈជាង ៣០ម៉ឺននាក់ទៀត។
ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានសង្ឃឹមយ៉ាងមុតមាំ តាមរយៈកិច្ចសហការជាមួយ Phil-Health នេះ ប.ស.ស នឹងទទួលបានផ្លែផ្កាជាវិជ្ជមានដើម្បីរួមចំណែកពង្រឹងការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលឱ្យកាន់តែទទួលបានប្រសិទ្ធភាពនិងសក្តិសិទ្ធិភាព៕