រាជធានីភ្នំពេញ ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីពិភាក្សាលើការងារចុះបញ្ជិកាមន្រ្តីសាធារណៈមកក្នុង បេឡាជាតិរបបសន្តិសុខសង្គម និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនៃការប្រើប្រាស់សេវាសុខាភិបាលរបស់មន្រ្តីសាធារណៈ ដែលប្រព្រឹត្តទៅ នៅថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំធំរបស់ ប.ស.ស ។
កិច្ចប្រជុំពិភាក្សានេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិ របបសន្តិសុខសង្គម ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី ដែលមកពីក្រសួង ស្ថាប័ន ពាក់ព័ន្ធនានា សរុបប្រមាណជា ១០នាក់។ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណងដើម្បីដោះស្រាយពីបញ្ហា ប្រឈមរបស់សមាជិក ប.ស.ស ដែលជាមន្រ្តីសាធារណៈ ក្រោយ ប.ស.ស បានចេញកាតសមាជិកសម្រាប់មន្រ្តីសាធារណៈ ដែលអាចមានសិទ្ធិទៅប្រើប្រាស់សេវារបស់ ប.ស.ស ដូចជាការពិនិត្យ និងថែទាំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងនៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស (ពេទ្យដៃគូជាមួយ ប.ស.ស) ដោយឥតគិតថ្លៃ និងការទទួលបាននូវអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតដែល ប.ស.ស បានផ្តល់ជូន។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានមានប្រសាសន៍បន្ថែមទៀតថា បច្ចុប្បន្ន ប.ស.ស បាននឹងកំពុងដំណើរការនូវ របបសន្តិសុខសង្គមចំនួនពីរ គឺរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលមានសមាជិក សរុបប្រមាណជា ១ ៤៧០ ១២៨ នាក់ ក្នុងនោះស្រីមានចំនួន ៨៨៦ ៨៩៥ នាក់ ដែលពួកគាត់ទាំងអស់អាចទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅគ្រប់មន្ទីរពេទ្យទាំងអស់ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ដោយឥតបង់ថ្លៃ ព្រមទាំងទទួលបានអត្ថ ប្រយោជន៍ផ្សេងៗជាច្រើនទៀតដែល ប.ស.ស បានផ្តល់ជូន។
ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានបន្តទៀតថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមាន ប.ស.ស ជាសេនាធិការ ប.ស.ស បាននឹងកំពុងរៀបចំដាក់ឱ្យដំណើរការនូវរបបសន្តិសុខសង្គមផ្នែកសោធន ដែលនឹងដាក់ឱ្យអនុវត្តនៅក្នុងឆ្នាំ២០១៩ ដើម្បីឱ្យបងប្អូនកម្មករនិយោជិតទាំងអស់ដែលជាសមាជិក ប.ស.ស មានសិទ្ធិទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) ពេលដែលគាត់ចាស់ធ្វើការលែងកើតដូចទៅនឹងមន្ត្រីរាជការដែរ ៕