ខេត្តព្រះសីហនុ៖ ក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទ ១រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ បានចុះទៅកំណត់អត្តសញ្ញាណកម្មករនិយោជិត តាមប្រព័ន្ធ OFFLINE ជូនកម្មករ កម្មការិនី សរុបចំនួន ៨៨៥នាក់ ស្រី ៦២នាក់ ដែលកំពុងបម្រើការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ថិតនៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ការចុះមកកំណត់អត្តសញ្ញាណដោយផ្ទាល់ដល់ទីកន្លែងខាងលើនេះ គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើរមកធ្វើបណ្ណសមាជិក ប.ស.ស ផ្ទាល់ដល់ការិយាល័យ ប.ស.ស និងជួយសម្រួលធ្វើយ៉ាងណា ឱ្យកម្មករ កម្មការិនីទាំងអស់ ទាំងក្នុង និងក្រៅប្រព័ន្ធ ឱ្យឆាប់ទទួលបានបណ្ណសមាជិក ប.ស.ស គ្រប់ៗគ្នា ដើម្បីមានសិទ្ធិទៅប្រើប្រាស់សេវាធានារ៉ាប់រងរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ពីបេឡាជាតិរបបសន្តិសុខសង្គម ក្នុងការទៅពិនិត្យ និងព្យាបាលជម្ងឺ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ(ពេទ្យរដ្ឋ) និងមន្ទីរពេទ្យដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ដោយឥតបង់ប្រាក់ រួមនឹងអត្ថប្រយោជន៍ផ្សេងៗទៀតដែល ប.ស.ស ផ្ដល់ជូន។
គួរំលឹកផងដែរថា គិតមកដល់ពេលនេះ មានរោងចក្រសហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីកម្មករនិយោជិតមកក្នុង ប.ស.ស សរុបចំនួន ១២ ២៤៣ និងមានសមាជិកសរុបចំនួន ១ ៤៧០ ១២៨ នាក់ ក្នុងនោះស្រីមានចំនួន ៨៨៦ ៨៩៥ នាក់ ដែលពួកគាត់ទាំងអស់អាចទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅគ្រប់មន្ទីរពេទ្យទាំងអស់ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ដោយឥតបង់ថ្លៃ ព្រមទាំងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតដែល ប.ស.ស បានផ្តល់ជូន។