រាជធានីភ្នំពេញ៖ នៅពេលព្រឹកថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ដល់និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន នៅសាលាខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាពលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ដែលជាតំណាងលោកអភិបាល នៃគណ:អភិបាលខណ្ឌពោធិ៍សែនជ័យ។
កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីឱ្យនិយោជក ម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់យល់ដឹងកាន់តែច្បាស់ស្តីពីនីតិវិធីសង្គ្រោះបឋម និងអត្ថប្រយោជន៍របបសន្តិសុខសង្គម។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានមានមតិសំណេះសំណាល ព្រមទាំងសំដែងការកោតសសើរចំពោះបេឡាជាតិរបបសន្តិសុខសង្គម ដែលបានចុះផ្សព្វផ្សាយអប់រំស្តីពីសេវាគាំពារសង្គម ជូនបងប្អូនកម្មករកម្មការិនី និងបុគ្គលិក ដែលបម្រើការងារនៅគ្រប់រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ ឱ្យបានយល់ដឹងកាន់តែច្បាស់ក្នុងការទៅទទួលសេវារបបសន្តិសុខសង្គម ដែល ប.ស.ស បានផ្តល់ជូន។
លោក ហែម សុគន្ធារិន្ធ អនុប្រធានការិយាល័យគោលនយោបាយ នៃបេឡាជាតិរបបសន្តិសុខសង្គម បានថ្លែងទៅកាន់អង្គពិធីថា បច្ចុប្បន្ន ប.ស.ស បាននឹងកំពុងដំណើរការរបបសន្តិសុខសង្គមចំនួនពីរ គឺរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែករបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ហើយនៅក្នុងឆ្នាំ២០១៩ ខាងមុខនេះ ប.ស.ស នឹងដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់ឱ្យបងប្អូនកម្មករនិយោជិតទាំងអស់ដែលជាសមាជិក ប.ស.ស មានសិទ្ធទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) នៅពេលដែលគាត់ចាស់ ធ្វើការលែងកើត ដូចទៅនឹងមន្ត្រីរាជការដែរ។
លោកបានបន្តទៀតថា គិតមកដល់ពេលនេះ មានរោងចក្រសហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីកម្មករនិយោជិត មកក្នុង ប.ស.ស ចំនួន ១២ ២៤៣ និងមានសមាជិក សរុបចំនួន ១ ៤៧០ ១២៨នាក់ ក្នុងនោះស្រីមានចំនួន ៨៨៦ ៨៩៥នាក់ ដែលពួកគាត់ទាំងអស់អាចទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅគ្រប់មន្ទីរពេទ្យទាំងអសដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ដោយឥតបង់ថ្លៃ ព្រមទាំងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតដែល ប.ស.ស បានផ្តល់ជូន។
អ្វីៗទាំងអស់នេះក៏ដោយសារមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដែលលោកតែងតែយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺបងប្អូនកម្មករនិយោជិត តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមាន ប.ស.ស ជាសេនាធិការ ៕