កំពង់ចាម៖ នៅថ្ងៃអង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីស្វែងយល់ពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត នៅរោងចក្រ SUN HSU GARMENT ស្ថិតក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ពិធីប្រជុំផ្សព្វផ្សាយនេះមានគោលបំណង ដើម្បីឱ្យអ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត បានយល់ដឹងបន្ថែមពីច្បាប់ចរាចរណ៍ផ្លូវគោក និងផ្តល់ភាពងាយស្រួលដល់ អ្នកបើកបរយានយន្តដឹកកម្មករនយោជិត ត្រៀមប្រឡងយកបណ្ណបើកបរ ដែលមិនមានបណ្ណបើកបរ និងបណ្ណមិនត្រឹមត្រូវស្របតាមយានយន្ត និងជម្រុញឱ្យមានការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានត្រឹមត្រូវ ក្នុងន័យរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាប៕
នៅក្នុងខេត្តកំពង់ចាម ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត នៃ ប.ស.ស បានសហការជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ចុះបណ្តុះបណ្តាល និងប្រឡងយកបណ្ណបើកបរតាមលក្ខណៈបច្ចេកទេស ចំនួន ២លើក ដែលលើកទី១ មានអ្នកចូលរួម ៨២នាក់ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨កន្លងទៅ។ ចំណែកលើកទី២ នឹងត្រៀមប្រឡងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។
សម្រាប់ខេត្តកំពង់ចាមនេះ មានអ្នកបើកបរសរុបចំនួន ៣៨៧នាក់ ក្នុងនោះ អ្នកមានបណ្ណបើកបរប្រភេទ “ខ” ចំនួន ១៦៣នាក់ ប្រភេទ “គ” ចំនួន ១៩នាក់ ប្រភេទ “ឃ១” ចំនួន ០៣នាក់ និង “ឃ២” ចំនួន ១១០នាក់ និងអ្នកដែលគ្មានបណ្ណបើកបរមានចំនួន ១៣នាក់ ដែលនឹងត្រៀមប្រឡងនៅលើកទី២៕