ស្វាយរៀង៖ ក្រុមការងារអង្កេត នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សាខាខេត្តស្វាយរៀង បានចុះអង្កេតករណីគ្រោះថ្នាក់ចរាចរណ៍មួយកន្លែង បានបណ្តាលឱ្យសមាជិក ប.ស.ស ម្នាក់បានស្លាប់បាត់បង់ជីវិត និងអ្នករួមដំណើរផ្សេងទៀត រងរបួស ដែលបានកើតហេតុកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ។
ការចុះអង្កេតនេះ ធ្វើឡើងកាលពីថ្ងៃអង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។ ក្រុមការងារអង្កេតសាខាខេត្តស្វាយរៀង បានចុះទៅអង្កេតដល់ទីតាំងកើតហេតុ និងផ្ទះរបស់ជនរងគ្រោះផងដែរ។
ការចុះអង្កេតគ្រោះថ្នាក់នេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើការស្វែងរក វាយតម្លៃ ជាគ្រោះថ្នាក់ការងារ និងដើម្បីជួយសម្របសម្រួលក្នុងការរៀបចំឯកសារ ពន្លឿនក្នុងការទាមទាអត្ថប្រយោជន៍ផ្សេងៗ ពីបេឡាជាតិរបបសន្តិសុខសង្គម ដល់គ្រួសារជនរងគ្រោះដែលបានស្លាប់ ស្ថិតនៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
សូមរំលឹកផងដែរថា សមាជិក ប.ស.ស ចំនួន ០២នាក់ បម្រើការងារនៅក្រុមហ៊ុន ឌីខេ អ៊ីន បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ បុកជាមួយម៉ូតូ បណ្តាលឲ្យជនរងគ្រោះឈ្មោះ កង ឡា ភេទប្រុស បានស្លាប់បាត់បង់ជីវិត និងអ្នករួមដំណើរជាមួយជនរងគ្រោះ ព្រមទាំងភាគីម្ខាងផ្សេងទៀតចំនួន ០២នាក់ រងបួសធ្ងន់ស្រាល ហេតុការណ៍ខាងលើកើតឡើងនៅចន្លោះគីឡូម៉ែត្រ ១៤៩-១៥០ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង៕