ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមអធិបតីភាព ឯកឧត្តម ម៉េង ហុង នាយករង ប.ស.ស បានប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ដល់រដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក សហជីពមូលដ្ឋាន និងកម្មករ កម្មការិនីចំនួន ៧០នាក់ នៅរោងចក្រ Mengda Footfwear Industrial Co.Ltd. ដែលមានទីតាំងស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ម៉េង ហុង នាយករង ប.ស.ស បានបញ្ជាក់ថា៖ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ពីបញ្ហាប្រឈម និងជាពិសេសធ្វើការពង្រឹងសេវានៃការផ្តល់តាវកាលិកជូនដល់កម្មករនិយោជិត ឲ្យបានកាន់តែច្បាស់លាស់បន្ថែមទៀត ពាក់ពន្ធ័ទៅនឹងរបបសន្តិសុខសង្គមនេះ ។ ក្នុងនោះមាន ៖
១. ផ្នែកហានិភ័យការងារ ដែលទាក់ទងទៅនិងគ្រោះថ្នាក់ទាំងឡាយណា ដែលកើតទ្បើងក្នុងកំឡុងពេលបំពេញការងារ ពេលធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការ និងពីកន្លែងធ្វើការត្រលប់ទៅផ្ទះវិញ ដោយមិនមានការវាងចូលកន្លែងណាមួយជាប្រយោជន៍ផ្ទាល់ខ្លួន និងពីជំងឺវិជ្ជាជីវៈ។
២. ផ្នែកថែទាំសុខភាព គឺការផ្តល់ការធានារ៉ាប់រងសុខភាព សំដៅដល់ការព្យាបាល និងថែទាំវេជ្ជសាស្ត្រ សេវាបង្ការ និងប្រាក់បំណាច់ប្រចាំថ្ងៃដោយមានជំងឺ ឬគ្រោះថ្នាក់ជាយថាហេតុ និងសម្រាកមាតុភាពដែលបងប្អូនកម្មករនិយោជិត អាចទៅទទួលសេវានេះ ដោយឥតបង់ថ្លៃ នៅតាមមន្ទីរពេទ្យជាដៃគូរបស់ ប.ស.ស ទូទាំងប្រទេស ដែលមានចំនួន ១៣២៥ មូលដ្ឋាន ដោយ ផ្តល់ការព្យាបាល រយៈពេល ២៤ម៉ោង លើ ២៤ម៉ោង។
៣. ផ្នែកប្រាក់សោធន ដែលនឹងត្រូវចាប់ផ្តើមដាក់ឱ្យអនុវត្តន៍នៅឆ្នាំ ២០១៩ ខាងមុខនេះ៕