ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១០រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមអធិបតីភាព ឯកឧត្តម ម៉េង ហុង នាយករង ប.ស.ស បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ដល់រដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក សហជីពមូលដ្ឋាន និងកម្មករ កម្មការិនី ចំនួន ៥៦នាក់ នៅរោងចក្រ Maurea Garment Corp. ដែលមានទីតាំងស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ម៉េង ហុង នាយករង ប.ស.ស បានមានប្រសាសន៍ថា កិច្ចប្រជុំនៅថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម បញ្ហាប្រឈម ជាពិសេសធ្វើការពង្រឹងសេវានៃការផ្តល់តាវកាលិកជូនកម្មករនិយោជិត ដោយបានពន្យល់បញ្ជាក់ឱ្យកាន់តែច្បាស់ពីរបបសន្តិសុខសង្គម៖
១. ផ្នែកហានិភ័យការងារ គឺគ្រោះថ្នាក់ទាំងឡាយណា ដែលកើតទ្បើងក្នុងកំឡុងពេលបំពេញការងារ ពេលធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការ និងពីកន្លែងធ្វើការត្រលប់ទៅផ្ទះវិញ ដោយមិនមានការវាងចូលកន្លែងណាមួយជាប្រយោជន៍ផ្ទាល់ខ្លួន និងជំងឺវិជ្ជាជីវៈ។
២. ផ្នែកថែទាំសុខភាព គឺការផ្តល់ការធានារ៉ាប់រងសុខភាព សំដៅដល់ការព្យាបាល និងថែទាំវេជ្ជសាស្ត្រ សេវាបង្ការ និងប្រាក់បំណាច់ប្រចាំថ្ងៃដោយមានជំងឺ ឬគ្រោះថ្នាក់ជាយថាហេតុ និងសម្រាកមាតុភាពដែលបងប្អូនកម្មករនិយោជិត អាចទៅទទួលសេវានេះ ដោយឥតបង់ថ្លៃ នៅតាមន្ទីរពេទ្យជាដៃគូរបស់ ប.ស.ស ទូទាំងប្រទេស ចំនួន ១ ៣១៩មូលដ្ឋាន និងផ្តល់ការព្យាបាល រយៈពេល ២៤ម៉ោង លើ ២៤ម៉ោង។
៣. ផ្នែកប្រាក់សោធន ចាប់ផ្តើមដាក់ឱ្យអនុវត្តន៍នៅឆ្នាំ ២០១៩ ខាងមុខ។