ព្រះសីហនុ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានចាត់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) សហការជាមួយ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បន្តយុទ្ធនាការរៀបចំវគ្គប្រឡងយកបណ្ណបើកបរដល់អ្នកបើកបររថយន្តដឹកកម្មករនិយោជិត ដែលគ្មានបណ្ណបើកបរតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម(Online) ដល់អ្នកបើកបររថយន្តដឹកកម្មករ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ខេត្តព្រះសីហនុ។
គោលបំណងចំបងនៃការប្រឡងនេះ គឺដើម្បីឱ្យអ្នកបើកបរថយន្តដឹកកម្មករទាំងអស់ មានបណ្ណបើកបរគ្រប់ៗគ្នា និងត្រូវមានបណ្ណបើកបររថយន្តស្របតាមប្រភេទយានយន្តដឹកកម្មករ ដែលច្បាប់បានកំណត់។
យុទ្ធនាការប្រឡងផ្តល់បណ្ណបើកបរនេះ រៀបចំឡើងដោយមានអ្នកចូលរួមជាអ្នកបើកបររថយន្តដឹកកម្មករនិយោជិតសរុប ចំនួន ៦៧នាក់ ក្នុងនោះ អ្នកគ្មានបណ្ណបើកបរមានចំនួន ២៦នាក់ និងអ្នកមានបណ្ណបើកបរមិនស្របតាមប្រភេទយានយន្តមាន ចំនួន ៤១នាក់ (ប្រភេទ ឃ)។ នីតិវិធីនៃការប្រឡងនេះ មានទាំងការប្រឡងទ្រឹស្តី និងដៃចង្កូតផ្ទាល់។
វគ្គប្រឡងយកបណ្ណបើកបរនេះ ត្រូវបានរៀបចំឡើងដោយមានការត្រួតពិនិត្យ និងគ្រប់គ្រងតាមប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រស្វ័យប្រវត្តិ(Online) របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតម្រូវឱ្យអ្នកប្រឡងយកបណ្ណបើកបរទាំងអស់ ត្រូវអនុវត្តតាមការណែនាំយ៉ាងត្រឹមត្រូវ។
យោងតាមរបាយការណ៍ត្រីមាសទី២ ឆ្នាំ២០១៨ របស់ក្រុមការងារ ស.ផ.ក បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មកលើកម្មករនិយោជិត មានការថយចុះចំនួន ១០% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៨។ ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តដឹកកម្មករនិយោជិតមានចំនួន ៨ករណី។
ក្រុមការងារ ស.ផ.ក នៃ ប.ស.ស និងសហការជាមួយក្រុមអគ្គនាយកដ្ឋានដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន ចុះបណ្តុះបណ្តាល ប្រឡង និងផ្តល់បណ្ណបើកបរដល់អ្នកបើកបររថយន្តដឹកកម្មករ ដើម្បី ឱ្យពួកគាត់មានបណ្ណបើកបរស្របតាមប្រភេទយានយន្ត ដែលច្បាប់បានកំណត់ឱ្យបានទាំងអស់គ្នា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមការងារ ស.ផ.ក ក៏បានអំពាវនាវដល់អ្នកបើកបររថយន្តដឹកកម្មករទាំងអស់ត្រូវ៖
– គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន
– មិនផ្ទុកកម្មករលើសចំណុះ
– ត្រួតពិនិត្យយានយន្តមុនពេលចេញទៅដឹកកម្មករ
– ឈៀករថយន្តជាប្រចាំ
– ទៅប្រឡងយកបណ្ណបើកបរឱ្យស្របតាមប្រភេទយាន
– ចូលរួមវគ្គបណ្តុះបណ្តាលរបស់ក្រុមការងារ ប.ស.ស ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក
– ជាពិសេសប្រកាន់ខ្ជាប់នូវក្រមសិលធម៌ទាំង ១០ចំណុចរបស់គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក៕