មន្ត្រីជំនាញនៃការិយាល័យស្តានីតិសម្បទា នៃបេឡាជាតិរបបសន្តិសុខសង្គម បានចុះទៅពិនិត្យ និងតាមដានស្ថានភាពមុខរបួសរបស់ជនរងគ្រោះជាសមាជិក ប.ស.ស ចំនួន ២នាក់ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃព្រហស្បតិ៍ ០៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨។
ដោយមើលឃើញពីស្ថានភាពជាក់ស្តែងរបស់ជនរងគ្រោះ បេឡាជាតិរបបសន្តិសុខសង្គម បានផ្តល់ជូនជនរងគ្រោះទាំង ២នាក់ នូវឈើច្រត់ត្រឹមក្លៀក និងរទេះរុញមានកន្ថោដល់សមាជិក ដើម្បីសម្រួលដល់ការផ្លាស់ប្តូរទីកន្លែង និងសម្រួលដល់ជីវៈភាពប្រចាំថ្ងៃ។ បន្ថែមលើនេះ ក្រុមការងារ ប.ស.ស បានជម្រុញឱ្យជនរងគ្រោះទៅតាមដានសុខភាពជាប្រចាំផងដែរ។
ដោយមានការយកចិត្ដទុកដាក់ខ្ពស់របស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ក្នុងការលើកកម្ពស់ការផ្តល់សេវាជាសាធារណៈឱ្យបានឆាប់រហ័ស ប្រកបដោយមានប្រសិទ្ធភាព និងទាន់ពេលវេលា ដល់ជនរងគ្រោះជាសមាជិក ប.ស.ស ដែលបានជួបគ្រោះថ្នាក់ដោយសារការងារ និងជំងឺ រហូតដល់បាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍។
ការចុះផ្តល់នេះ គឺដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ធានាឱ្យបានក្នុងការផ្តល់សេវាស្តារនីតិសម្បទាបានទាន់ពេលវេលា ជាពិសេសគឺជួយសម្រួលដល់ជនរងគ្រោះ ដែលជាជនពិការ ដោយគ្រោះថ្នាក់ការងារ តាមរយៈការជួយដោះស្រាយបញ្ហាតាមគោលការណ៍ដល់លំនៅឋានផ្ទាល់របស់ពួកគាត់ ព្រមទាំងលើកទឹកចិត្តតាមមធ្យោយបាយផ្សេងៗ ដោយពន្យល់ពួកគាត់ក៏ដូចជាសាច់ញាតិ ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម៕