ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ អមដំណើរដោយ ឯកឧត្តម ជាវ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយ និងជាអ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនកម្មករ កម្មការិនីទាំង ២២នាក់ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ក្នុងរាជធានីភ្នំពេញ។
ការចុះសួរសុខទុក្ខនេះ ធ្វើឡើងនារសៀលថ្ងៃព្រហស្បតិ៍ ០៨ រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ដែលត្រូវនឹងថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១៨។
ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកម្មករ ព្រមទាំងប្រាប់បងប្អូនកម្មករ ដែលកំពុងសម្រាកព្យាបាលទាំងអស់កុំឱ្យមានការព្រួយបារម្មណ៍ចំពោះការចំណាយលើការព្យាបាល ព្រោះ បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអ្នកទទួលបន្ទុកចេញថ្លៃព្យាបាលរបស់បងប្អូនកម្មករទាំងស្រុង។ បន្ថែមលើនេះ ឯកឧត្តម បានក៏ផ្តាំផ្ញើសុខទុក្ខ និងជូនពរដល់បងប្អូនកម្មករ កម្មការិនីរងគ្រោះទាំងអស់ឱ្យឆាប់ជាសះស្បើយ ដើម្បីបានត្រឡប់ទៅធ្វើការងារវិញដូចសព្វដងវិញ។
ជាមួយគ្នានេះផងដែរ ឯកឧត្តម ជាវ ប៊ុនរិទ្ធ ក៏ប្រាប់ទៅកាន់បងប្អូនជាសាច់ញាតិរបស់ជនរងគ្រោះទាំងអស់ កុំបារម្មណ៍លើការចំណាយថ្លៃព្យាបាល របស់ជនរងគ្រោះ ព្រោះកម្មកររងគ្រោះទាំងអស់នេះ ជាគ្រោះថ្នាក់ការងារ ដូច្នេះ ប.ស.ស នឹងផ្តល់ការព្យាបាលរហូតដល់ជាសះស្បើយ។ ឯកឧត្តមបានបន្តថា ជាងនេះទៅទៀត បងប្អូនកម្មកររងគ្រោះនឹងបានអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត ដែល ប.ស.ស ផ្តល់ជូនរួមមាន៖
១- លុយថ្លៃដឹកជញ្ជូនជនរងគ្រោះ
២- លុយថ្លៃសង្គ្រោះបន្ទាន់
៣- លុយឧបត្ថម្ភប្រចាំថ្ងៃពេលសម្រាកនៅមន្ទីរពេទ្យ
៤- លុយឧបត្ថម្ភដល់អ្នកចាំថែរក្សា និងអ្នកថែទាំជនរងគ្រោះ
៥- លុយឧបត្ថម្ភប្រចាំថ្ងៃចំពោះអ្នកបាត់បង់គ្រោះថ្នាក់ការងារអចិន្ត្រៃយ៍
ប្រសិនបើទទួលគ្រោះថ្នាក់រហូតដល់ពិការភាព ប.ស.ស នឹងផ្តល់ជូន ដៃជើងអវៈយវៈសិប្បនិមិត្ត ឈើច្រត់ រទេះរុញ…។ ថែមទាំងផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ មានដូចជា ជាងអ៊ុតសក់, ជាងសំអាង, ជាងជួសជុលទូរស័ព្ទ,ជាងភ្លើង ជាដើម។
គួររំលឹកផងដែរថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតកាលព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកក្កដា ឆ្នាំ២០១៨ ដោយសារអ្នកបើកបរឡានដឹកកម្មករ បានបើកវ៉ាជែងរថយន្តដែលនៅខាងមុខ ក្នុងទិសដៅស្របគ្នា មិនប្រុងប្រយ័ត្ន ខណៈពេលមកដល់ចំណុចកើតហេតុ ក៏បានរ៉េចង្កូតធ្លាក់ផ្លូវ បណ្តាលឱ្យរថយន្តក្រឡាប់តែម្តង និងបានបបណ្តាលឱ្យកម្មករ កម្មការិនី រងរបួសធ្ងន់ចំនួន ១៧នាក់ និងស្រាល ៣៤នាក់។
ក្នុងនោះ ជនរងគ្រោះដែលរបួសធ្ងន់ ចំនួន ២២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈផងដែរ។
ក្រោយពីទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងមានការជួយសម្របសម្រួលពីភ្នាក់ងារ ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខណៈនេះជនរងគ្រោះមួយចំនួន មានស្ថានភាពល្អប្រសើរឡើងវិញហើយ៕