ស្វាយរៀង៖ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមអធិបតីភាព ឯកឧត្តម ម៉េង ហុង នាយករង ប.ស.ស បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ដល់រដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក សហជីពមូលដ្ឋាន និងកម្មករ កម្មការិនី ចំនួន ៥៥នាក់ នៅរោងចក្រ Lu Thai (Cambodia) Co., Ltd ដែលមាន ទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈឺលូ ខេត្តស្វាយរៀង។
ឯកឧត្តម ម៉េង ហុង នាយករង ប.ស.ស បានមានប្រសាសន៍ថា កិច្ចប្រជុំនៅថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម បញ្ហាប្រឈម ជាពិសេសធ្វើការពង្រឹងសេវានៃការផ្តល់តាវកាលិកជូនកម្មករនិយោជិត ដោយបានពន្យល់បញ្ជាក់ឱ្យកាន់តែច្បាស់ពីរបបសន្តិសុខសង្គម៖
១. ផ្នែកហានិភ័យការងារ គឺគ្រោះថ្នាក់ទាំងឡាយណា ដែលកើតទ្បើងក្នុងកំឡុងពេលបំពេញការងារ ពេលធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការ និងពីកន្លែងធ្វើការត្រលប់ទៅផ្ទះវិញ ដោយមិនមានការវាងចូលកន្លែងណាមួយជាប្រយោជន៍ផ្ទាល់ខ្លួន និងជំងឺវិជ្ជាជីវៈ។
២. ផ្នែកថែទាំសុខភាព គឺការផ្តល់ការធានារ៉ាប់រងសុខភាព សំដៅដល់ការព្យាបាល និងថែទាំវេជ្ជសាស្ត្រ សេវាបង្ការ និងប្រាក់បំណាច់ប្រចាំថ្ងៃដោយមានជំងឺ ឬគ្រោះថ្នាក់ជាយថាហេតុ និងសម្រាកមាតុភាពដែលបងប្អូនកម្មករនិយោជិត អាចទៅទទួលសេវានេះ ដោយឥតបង់ថ្លៃ នៅតាមន្ទីរពេទ្យជាដៃគូរបស់ ប.ស.ស ទូទាំងប្រទេស ចំនួន ១ ៣១៩មូលដ្ឋាន និងផ្តល់ការព្យាបាល រយៈពេល ២៤ម៉ោង លើ ២៤ម៉ោង។
ឯកឧត្តមបានបន្តថា គិតមកដល់ពេលនេះ មានរោងចក្រ សហគ្រាស គ្រឹះស្ថាន បានចុះបញ្ជីកម្មករនិយោជិតមកក្នុង ប.ស.ស សរុបចំនួន ១១៩៥២ និងមានសមាជិកសរុបចំនួន ១៤៦១១៨២ នាក់ ជាពិសេសមានមន្ទីរពេទ្យ និងមណ្ឌលសុខភាព បានចុះកិច្ចព្រមព្រៀងក្នុងការផ្តល់សេវាជូនសមាជិក ប.ស.ស ចំនួន ១ ៣១៩មន្ទីរពេទ្យ ដែលបងប្អូនកម្មករនិយោជិតទាំងអស់ដែលជាសមាជិក ប.ស.ស អាចទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមាន ប.ស.ស ជាសេនាធិការ នៅក្នុងឆ្នាំ ២០១៩ ខាងមុខនេះ នឹងដាក់ឱ្យដំណើររបបសន្តិសុខសង្គមផ្នែកប្រាក់សោធនផងដែរ ដើម្បីឱ្យបងប្អូនកម្មករនិយោជិតទាំងអស់ទទួលបានប្រាក់រ៉ឺត្រែត បន្ទាប់ពីពួកគាត់បានបំពេញគ្រប់អតីតភាពការងារ៕